ជនពិការ​ស្នើ​គ្រឹះស្ថាន​សាធារណៈ​ ដាក់​ជណ្ដើរ​ជំរាល​ ដើម្បី​ងាយស្រួល​ចល័ត​ទីតាំង​

29-07-2014 5:26 pm 1878
លោកសៀង ចំណាប់ ពិការជើងទាំងគូរ

​មនុស្ស​គ្រប់រូប​ត្រូវបាន​គេ​ឲ្យ​តំលៃ​ស្មើៗ​គ្នា​នៅក្នុង​សង្គម ដោយ​មិន​ប្រកាន់​ឋានៈ បុណ្យ​សក្ដិ កេរ្តិ៍ឈ្មោះ ពណ៌​សម្បុរ ឬ​ជាតិ​សាសន៍​ឡើយ​។ មិន​ប្រកាន់​ថែមទៀត​គឺ ទោះ​ជា​មនុស្ស​ទាំងនោះ មាន​កាយសម្បទា​គ្រប់គ្រាន់ ឬ​ខ្វះ​ចន្លោះ ក៏​គេ​នៅ​តែ​ឲ្យ​តំលៃ ស្មើ​គ្នា​ទៅ​នឹង​អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់​ដែរ​។ អ្នក​ដែល​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ត្រូវបាន​គេ​ហៅថា ជនពិការ​។ ពិការភាព ស្តែង​ចេញ​ពី​រូប​ភាពខុសៗ​គ្នា​ដូចជា ការ​បញ្ញា ស្មារតី ឬ​ពិការ​អវៈយវៈ ឬ​គ​ថ្លង់​ជាដើម​។​និយាយ​ពី​ជនពិការ​ជើង​វិញ អ្វី​ដែល​ពិបាក​សម្រាប់​ជនពិការ​ជើង​គឺ​ការ​ច​ល័យ​ទី​។​ពិបាក​ដោយសារ​ថា អគារ គ្រឹះស្ថាន​មួយចំនួន​បាន​សាងសង់​ដោយ​គ្មាន​ជណ្ដើរ​ជំរាល​សម្រាប់​ជនពិការ​ឡើយ​។ ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​វណ្ណ វុត្ថា​៖

 


​បើ​តាម​របាយការណ៍​ជំរឿន​ឆ្នាំ​២០១៣ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ បានបង្ហាញ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជនពិការ​ចំនួន​៣០១.៦២៩ នាក់ ស្មើនឹង​២,០៦​ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ប្រមាណ​ជា​១៤​លាន​នាក់​។ ក្នុងចំណោម​ជនពិការ​ទាំងនោះ មាន​បុរស​ចំនួន ១៥៧.០០៨ នាក់ ស្មើនឹង​៥២.០៥​ភាគរយ និង​ជនពិការ​ជា​ស្ត្រី មាន​ចំនួន ១៤៤.៦២២ នាក់​ស្មើនឹង ៤៧.៩៥​ភាគរយ ។​

 

​ជនពិកា​រទាំង​៣០១ ៦២៩​នាក់​ក្នុងនោះ​មាន​ជនពិការ​ដូចជា ពិការ អវៈយវៈ គ​ថ្លង់ ពិការ​បញ្ញា​ស្មារតី ពិការភ្នែក ឬ​ពិការភាព​ផ្សេងៗ​។ ក្នុងចំណោម​ជនពិការ​ទាំងនោះ ជនពិការ​ជើង កន្លងមក​បាន​ស្នើសុំ​យ៉ាងទទូច​ដើម្បី​ឲ្យ​ស្ថាប័ន គ្រិះស្ថាន​ទាំងអស់​សូម​មេត្តា​ធ្វើ​ជណ្ដើរ​ជំរាល​ដល់​អ្នក​ពិការភាព​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចល័ត​ទី នៅ​ពេល​ពួក​គេ​ចង់​ធ្វើដំណើរ ឬ​ចូល​ក្នុង​ស្ថាប័ន​នោះ​។​

 

មាន​វ័យ​ជាង​៣០​ឆ្នាំ មានកូន​ប្រុស​ស្រី​២​នាក់ បាន​រៀបការ​ក្នុង​វ័យ​ជាង​២០​ឆ្នាំ និង​ជា​ជនពិការ​ជើង​ទាំងសងខាង តាំងពី​អាយុ​២​ឆ្នាំ ដោយសារ​ជំងឺ​ពោ​ដ្យូ លោក​សៀង ចំណាប់ បច្ចុប្បន្ន​ធ្វើការ​នៅ​កាកបាទក្រហម​អូស្ត្រាលី បាន​និយាយថា នៅ​ពេល​លោក​ផ្តើម​រក​ការងារ​ធ្វើ​នៅ​គ្រា​ដំបូង ក្រោយ​លោក​បញ្ចប់​ការសិក្សា មាន​កត្ដា​ជាច្រើន​ដែល​ធ្វើឲ្យ​លោក​មាន​ផល​លំបាក​។ មាន​ផល​លំបាក​ដោយសារ​តែ​ភាគច្រើន​អគារ​នៅ​សម័យ​នោះ​ពុំ​ទាន់​ធ្វើ​ដើម្បី​តំរូវ​ដល់​ជនពិការ​នោះទេ គ្រប់​អគា​ភាគច្រើន​មិន​បាន​ធ្វើ​ជណ្ដើរ​ជំរាល ឲ្យ​ជន​ពិការងាយ​ចល័ត​នោះទេ​។ ដោយសារតែ​មាន​ការលំបាក​ខ្លាំង លោក ចំណាប់ ស្នើ​ឲ្យ​គ្រប់​គ្រឹះស្ថាន ពិសេស​ស្ថាប័នរដ្ឋ​ត្រូវមាន​ជណ្ដើរ​ជំរាល​សម្រាប់​ជនពិការ​ជើង​។​

 

​សម្លេង​លោក​សៀង ចំណាប់​៖

 

ស្រដៀង​គ្នា​នឹង​លោក​សៀង ចំណាប់​ដែរ ហើយក៏​ជា​អ្នក​ពិការ​ជើង​ទាំង​គូរ ដោយសារ​ជំងឺ​ពោ​ដ្យូ​ដែរ នោះ​គឺ អ្នកស្រី​ឃួន សុជាតា​បច្ចុប្បន្ន​ជា​បុគ្គលិក​បំរើ​ការងារ​ក្នុង​អង្គការ​ជនពិការ​កម្ពុជា​បាន​មានប្រ សាសន៍​ថា  កុំ​ថា​តែ​អគារ​ខ្ពស់ៗ ដែល​មិន​បាន​ដាក់​ជណ្ដើ​ជំរាល​ជូន​ជនពិការ សូម្បី​តែ​ទូរ​គណនី​បើកប្រាក់​ចល័ត​ATM និង​បន្ទប់ទឹក​សាធារណៈ​ក៏​នៅតែ​មិន​ទាន់​បាន​សាងសង់​គិតគូរ​ពី​សុខទុក្ខ​របស់​ជនពិកា​រ​ដែរ​។ អ្នកស្រី​សុជាតា ដែល​មាន​គ​ក៌​៤​ខែ​ក្នុង​ផ្ទៃ​បាន​ស្នើ​ឲ្យមាន​ជណ្ដើរ​ជំរាល ពីព្រោះ​ជណ្តើរ​នេះ​ដើរ​បាន​ទាំង​ជន​ធម្មតា​និង​ជនពិការ​។​

 

សម្លេង​អ្នកស្រី​ឃួន​សុជាតា៖

 

ទន្ទឹមនឹងនោះ អ្នកស្រី​ឃួន សុជាតា ដែល​ជនពិការ​ធ្លាប់​រង​ការ​ម៉ាក​ងាយ​ដោយ​ការធ្វើ​ត្រាប់​តាម​ថា​ជា​ជនពិការ​ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​គិតគូរ​ពី​ការ​ចេញប័​ណ្ណ​បើកបរ​ដល់​ជនពិការ​ផង ពី​ព្រោះ​ច្បាប់​មិន​បាន​អនុញ្ញាត​ឲ្យ​ជនពិការ​បើកបរ​ទេ​។​

 

សម្លេង​អ្នកស្រី​ឃួន សុជាតា៖

 

ការសាងសង់​អគារ​កន្លែង​សាធារណៈ​មិន​បាន​ដាក់​ជណ្ដើរ​ជំរាល​មិន​ត្រឹមតែ​ប៉ះព៉ាល់​ដល់​ជនពិការ​ជើង​ទេ សូម្បី​ជនពិការភ្នែក​ក៏​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើ​រដែរ​។ ជា​ជនពិការភ្នែក​ទាំង​គូរ​មើល​អ្វី​មិន​ឃើញ​នោះ លោកតា​សំ សាន បាន​មានប្រសាសន៍ថា លោក​ស្នើ​ឲ្យ​គ្រឹះស្ថាន​ជាតិ​មុន​នឹង​សាងសង់​ត្រូវ​គិត​ពី​ជន​ពិការ​ផង មិន​ត្រឹមតែ​គ្រឹះស្ថាន​សាធារណៈ​ទេ សូម្បី​តែ​វត្ត​អារាម​ក៏​លោកតា​បាន​ស្នើ​ឲ្យមាន​ការសាងសង់​ជណ្ដើរ​ជំរាល​សម្រាប់​ជន​ពិការ​ដែរ​។​

 

សម្លេង​លោកតា​សំ សាន​៖

 

ក្រៅ​អំពី​សំណើ​ទាំងនេះ ជនពិការ​ក៏​បាន​ស្នើ​សំខាន់​បំផុត​សូម​ឲ្យ​សាធារណៈជនប​ញ្ឈប់​ការរើសអើង​ជនពិការ​តាមរយៈ​រូបភាព​ផ្សេងៗ ដូចជា ការធ្វើ​ត្រាប់​តាម ការជេរប្រមាថ ប្រី​ពាក្យ​អសុរោះ​ដាក់​ជនពិការ​និង​ការ​រើស​អើ​ស​ក្នុង​តំណែង​ការងារ​ដែល​ជនពិការ​ធ្វើបាន រើស​តែ​អ្នក​មាន​សម្បទា​គ្រប់គ្រាន់ មិន​យក​ជនពិការ​។​

 

​ជនពិការ​ក៏​បាន​ស្នើ​ឲ្យ​គជប​បង្ហាញ​ឲ្យបាន​ច្បាស់​អំពើ​ទិន្នន័យ ជនពិការ​ដែល​មានឈ្មោះ​បោះឆ្នោត​រើស​តំណាង​របស់​ខ្លួន​នៅ​ថ្នាក់ជាតិ ព្រោះ​ជនពិការ​ក៏​ជា​ម្ចាស់​ប្រទេស​ដែរ​។ សម្រាប់​ជន​ពិការ​ដែរ​ពិបាក ឬ​គ្មាន​លទ្ឋភាព​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​បោះឆ្នោត ជនពិការ​បាន​ស្នើ​ដល់ មន្ត្រី​គជប​ត្រូវ​ចល័ត​ហិប​ឆ្នោត​ដើម្បី​ឲ្យ​ជន​ពិការអាច​ប្រី​សិទ្ធិ​របស់​គេ​ក្នុង​ការបោះឆ្នោត​ឲ្យអស់​លទ្ធ​ភាព​៕ (ដោយ៖​វណ្ណ​ វុត្ថា)

ព័ត៌មានផ្សេងទៀត