អំពើពុករលួយ​ជាដើម​ចម​ ធ្វើ​ឲ្យ​និស្សិត​ រអា​ក្នុង​ការ​ប្រលង​ចូល​​ស្ថាប័នរដ្ឋ​

22-07-2014 4:15 pm 1997
បេក្ខជនមើលឈ្មោះត្រៀមប្រឡងប្រជែង ចូលបម្រើការងារជាមន្ត្រីរាជការ

​ការងារ​គឺ​ជា​គោលបំណង​របស់​ម្នាក់​ប្រាថ្នា​ចង់បាន ហើយ​ការងារ​មាន​ច្រើន​ប្រភេទ ដែល​មនុស្ស​ជាច្រើន​បាន​ស្រវា​ឈោង​ចាប់​យក​អាជីព​ខុសៗ​គ្នា ក្នុងនោះ​មានដូចជា អ្នកធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន អ្នក​ធ្វើការ​នៅ​ក្នុង​អង្គការ​ជាតិ អន្តរជាតិ​ជា​ដើម​។ ប៉ុន្តែ​សម្រាប់​អ្នកធ្វើការ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ គេ​ហៅថា​មន្ត្រី​។​ជាទូទៅ​មន្ត្រី​តែ​ជ្រើស​ចេញ​ពី​សិស្ស និស្សិត ដែល​បញ្ចប់​ការសិក្សា​តាម​កំរិត​ដែល​ស្ថាប័នរដ្ឋ​ត្រូវការ​។ ជា​រៀងរាល់ឆ្នាំ ក្រសួង ស្ថាប័នរដ្ឋ ជាច្រើន​កន្លែង​បានប្រកាស​ជ្រើសរើស មន្ត្រី​ដើម្បី​បន្ត​វេន ពី​មន្ត្រី​ចាស់​ដែល​ចូលនិវត្តន៍ និង​ត្រៀម​ចូលនិវត្តន៍​។ សិស្ស និស្សិត​ដែល​កាន់​សញ្ញាប័ត្រ​ចាប់ពី​បាក់​ឌុប  ឡើង​តែង​ដាក់​ពាក្យ​ស្នើសុំ​ចូល​ប្រលងប្រជែង​ដើម្បី​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​។ ប៉ុន្តែ​មាន​សិស្ស និស្សិត​ជា​ច្រើន​បានរ​អា​ក្នុង​ការប្រលង​ដោយសារ​តែ​ការប្រលង​ចូល​របស់​ខ្លួន​ជា​ច្រើន​ដង ច្រើនសារ តែ​មិន ជាប់ និង​មាន​ពាក្យ​ច​ចាម​រាម​ថា ទាល់តែ​មាន​ខ្សែ និង​មាន​លុយ​សក​ប៉ាន់​ទើប​អាច​ជាប់​បាន​។​ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​វណ្ណ វុត្ថា​៖

 

 

​ការ​ល្បី​ថា​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ បើ​ចង់​ចូលធ្វើការ ត្រូវតែ​មាន​ខ្សែស្រលាយ​ជា​មន្ត្រី​ធំ ឬ​មាន​លុយកាក់​ក្នុង​ការ​សូកប៉ាន់​វា​ស្ទើតែ​ក្លាយជា​រឿង​មួយ​ដែល​ស៊ាំ​ញុំ​ា​ទៅហើយ សម្រាប់​សិស្ស និស្សិត​ដែល​មាន​បំណង​ចង់​ប្រឡង​ចូលធ្វើការ​ជា​មន្ត្រីរាជការ​។​

 

​មាន​សិស្ស និស្សិត​ច្រើន​ណាស់ ដែល​រៀន​ចប់​ហើយ​ធ្លាប់​បាន​ប្រឡង​ចូល​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ធំៗ​តែ​លទ្ធផល​ទទួលបាន​ផ្ទុយ​ពី​ការរំពឹងទុក​របស់​ពួកគេ​។​បេក្ខជន​ប្រឡង ជាច្រើន​នាក់​បាន​ចោទថា ការប្រឡង​តែង​មាន​ភាពមិនប្រក្រតី និង​មាន​អំពើពុករលួយ​នៅ​ពីក្រោយ បាន​ជា​លទ្ធផល​ដែល ពួកគេ​ទទួលបាន​តែង​ធ្លាក់​រហូត ហើយ​ការប្រឡង​របស់​ពួកគេ វា​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច និង​បំពេញ​បន្ទប់​ប្រឡង​ឲ្យ​ល្អ​មើលតែប៉ុណ្ណោះ​។​

 

លោក​អ៊ោក សៀក​ឡុង​និស្សិត​បញ្ចប់​ការសិក្សា​កំរិត​បរិញ្ញាប័ត្រ​បាន​ត្អូញត្អែរ និង​មាន​ភាព​រអា ក្នុង​ការប្រឡង​ចូល​ស្ថាប័ន​រដ្ឋ​ទៀត ដោយសារតែ​ការ​ឡង​របស់​លោក​ម្ដង​ហើយ ម្ដងទៀត ជាច្រើន​ក្រសួង​ហើយ​នៅតែ​មិន​មាន​លទ្ឋផល​នោះ​ទេ​។ លោក​អៈអាង​ថា​បើ​តាម​ចំណេះ ជំនាញ​របស់​លោក​វា​គួរ​ណាស់​តែ​ជាប់​១​ហើយ ព្រោះ​ប្រឡង​ស្ទើរ​គ្រប់​ស្ថាប័នរដុ្ឋ ឲ្យតែ​ប្រកាសរើស​តែង​មាន​មុខ​លោកជានិ​ច្ច​។​

 

សម្លេង​លោក​អ៊ោ សៀក​ឡុង​៖ 

 

យុវ​និស្សិត​ម្នាក់​ទៀត ដែល​បច្ចុប្បន្ន​កាន់​បរិញ្ញាបត្រ​ច្បាប់ លោក​សុខ ហេង​បាន​បញ្ជាក់ថា ចាប់តាំងពី​រូបគាត់​ចប់​បាក់​ឌុប​ពោលគឺ បញ្ចប់​ថ្នាក់​ទុតិយភូមិ ដោយ​ជោគជ័យ រូបលោក​បាន​ដាក់ពាក្យ​ប្រឡង​រហូត​ឲ្យតែ​មាន​ការជ្រើសរើស តាំង​ពី​ប្រលង​គ្រូ​អនុវិទ្យាល័យ គ្រូ​បឋម រហូត​ដល់​គ្រូ​មត្តេយ្យ និង​ពេទ្យ​ភូមិភាគ​ជាដើម នៅតែ​មិន​ទាន់​បាន​ជាប់​ស្ថាប័ន​មួយ​នោះទេ មកដល់​ថ្ងៃនេះ​។ សុខ ហេង​បាន​បញ្ជាក់ថា​រាល់​ការ​ដាក់​ពាក្យ​ប្រឡង​ចូល​ស្ថាប័នរដ្ឋ​ម្ដងៗ សុទ្ឋតែ​ត្រូវ​ចំណាយលុយ​ទិញ​ពាក្យ​ប្រឡង​ចូល ហើយ​ពាក្យ​នី​មួយៗ​សុទ្ធតែ​ត្រូវ​ការបញ្ជាក់​ពី​អាជ្ញាធរ​ដែនដី បញ្ជាក់​នេះ បញ្ជាក់​នោះ​ដែល​ជា​ហេតុ​ត្រូវ​ចំណាយ​លុយ​យ៉ាងច្រើន​សម្រាប់​ជីវិត​ជា​និស្សិត​ដែល​ពុំ​ទាន់​រក​លុយ និង​ប្រឈម​នឹង​ការដឹង​លទ្ធផល​ថាធា្ល​ក់​មុន​ជាង​៩០​ភាគរយ​ទៅ​ហើយ​។ មាន​សំណុំលិខិត​ខ្លះ​ទិញ​អស់​លុយ​ហើយ យកទៅ​ដាក់​វិញ​អស់​លុយ​ម្ដងទៀត​។​

 

សម្លេង​លោក​សុខ ហេង៖

 

​ភី រតនះ ជា​សិស្ស​នៅ​វិទ្យាល័យ​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដែល​ត្រៀមប្រឡង​បាក់​ឌុប​ឆ្នាំនេះ ហើយ​រូបគេ​មានបំណង​នឹង​ប្រឡង​ចូល​ជា​គ្រូបង្រៀន​កំរិត​អនុវិទ្យាល័យ ឬ​បឋមសិក្សា​ពេល​គេ​បញ្ចប់​ថ្នាក់​ទុតិយភូមិ ព្រោះ​ម្ដាយ​ឪពុក​ប្អូន​សុទ្ឋតែ​បញ្ញាវ័ន្ត កំពុង​បណ្ដុះបណ្ដាល​នៅ​សាលាបឋមសិក្សា វត្ត​ដីដុះ ក្នុង​ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ជា​អ្វី​ដែលរ​ត​នះ រុញ​រា ក្នុង​ការ​ដាក់​ពាក្យ​ប្រឡង​គឺ ការ​ល្បី​ថា បើ​ត្រឹមតែ​មាន​ម្ដាយ ឬ​ឪពុក​ជា​គ្រូបង្រៀន​ប្រហែលជា​គ្មាន​លទ្ឋភាព​ប្រី​ខ្សែ និង​ប្រើ​លុយ​ទេ ព្រោះ​ប្រាក់ខែ​គ្រូបង្រៀន​ចំណាយ​ក្នុង​គ្រួសារ មិន​ទាំងគ្រប់​ផង នៅ​មាន​លុយ​ឯណា​ទុក សូកប៉ាន់ ដើម្បី​ជាប់​ជា​មន្ត្រីរាជការ ស៊ីវិល​នោះ​។​

 

​សម្លេង​លោក​ភី រតនះ៖

 

​ចំពោះ​ការភ័យខ្លាច បន្លាច​ខ្លួនឯង អំពី​ការធ្លាក់​មុន​ប្រឡង ឬ​មាន​ភាពមិនប្រក្រតី​ក្នុង​ការប្រឡង​ចូល​ស្ថាប័នរដ្ឋ លោក​ព្រាប កុល​នាយក​អង្គការ​តម្លាភាព​កម្ពុជា​បាន​មានប្រសាសន៍ថា កាល​ពី​មុខ​លោក​តែង​លឺ​មាន​ការលេចលឺ​បែបនេះ​មែន មកដល់​ថ្ងៃនេះ ក៏​នៅតែ​មាន​លឺ​ដែរ តែ​លោក​លើក​ទឹកចិត្ត​ឲ្យ​ដាក់​ពាក្យប្រឡង​សិន ប្រសិនបើ​បេក្ខជន​ឃើញ​រូបភាព​ណា​មិន​ប្រក្រតី ឬ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការប្រឡង​នេះ ត្រូវ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬក៏​អាច​រាយការណ៍​ជូន​អង្គការ​តម្លាភាព​កម្ពុជា​ក៏បាន​។​អង្គការ​លោក​នឹង​អន្តរាគមន៍​ពី​ករណី​ទាំង​នោះ​។

 

សម្លេង​លោក​ព្រាប កុល៖

 

​បើ​តាម​លោក​ព្រាប កុល​យល់ថា ដើម្បី​ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ភ័យខ្លាច​ការប្រឡង​មិន​ស្មោះត្រង់ ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ត្រូវ​ដែល​ជ្រើសរើស​មន្ត្រី ត្រូវ​ជម្រាប​អំពី​នីតិវិធី​នៃ​ការជ្រើសរើស​មន្ត្រី​ឲ្យ​បេក្ខជន​មាន​ការជឿ​ទុកចិត្ត និង​ឲ្យមាន​តម្លាភាព​ត្រឹមត្រូវ​។ ហើយ​ការ​ធ្វើ​តេស្ត​ត្រឹមត្រូវ​មាន​គណៈកម្មាការ មាន​អ្នក​សង្គេតការណ៍​ត្រឹមត្រូវ និង​មាន​កំណត់ត្រា​ត្រឹមត្រូវ​ទុក​បង្ហាញ​ពេល​បេក្ខជន​យល់​ថា​មិន​ប្រក្រតី ត្រូវ​កត់ត្រា​តើ​បេក្ខជន​ជាប់​មាន​ចំណុច​ល្អ​អ្វី ហើយ​ហេតុអ្វី​បាន​ជា​បេក្ខជន​ផ្សេង​ទៀត​មិន​ជាប់​?

 

រាល់​ការប្រឡង​ចូល​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​នី​មួយៗ​តែ​មាន​អំពើ​ពុករលួយ ឬ​មាន​អ្នកធំ​ជួយ​រត់​ការ​ដើម្បី​ឲ្យ​បេក្ខជន​ខ្លះ​ជាប់ មិនមែន​ដោយសារ​សមត្ថភាព​។ ក្រសួង ឬ​ស្ថាប័ន​ទាំងនោះ គេ​ឃើញ​មិនសូវ​មាន​ភាព​រីកចម្រើន​ទេ​ហើយ ក៏​មាន​ភាព​រង្គោះរង្គី​ផងដែរ ក្រោយ​ជ្រើស​យក​ជន​អសមត្ថភាព​ទៅ​បម្រើ​ការងារ​ដោយ​តាម​ខ្សែ ឬ​តាម​អំពើ​សូកប៉ាន់​។​នេះ​បើ​តាម​ការលើកឡើង​របស់ សិស្ស និស្សិត ដែលជា បេក្ខជន​ធ្លាប់បាន​ចូលរួម​ប្រឡង​នា​ពេលកន្លងមក​៕​(ដោយ៖​វណ្ណ វុត្ថា)

ព័ត៌មានផ្សេងទៀត