សោភ័ណ ឡា​រី​៖​ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែន​ចង់​ធ្វើ​តំណាងរាស្ដ្រ​ទេ​

02-07-2014 5:09 pm 4949
លោក សោភ័ណ ឡារី អ្នកសិល្បៈ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ

លោក សោភ័ណ ឡា​រី តារា​សម្ដែង​ខ្មែរ ម្នាក់​ដែល​មាន ឈ្មោះ​ល្បីល្បាញ​គួរសម និង​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង ចលនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​បទ សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​វិទ្យុ​វា​យោ​FM លោក​សោភ័ណ ឡា​រី បានបញ្ជាក់ ថា លោក​គាំទ្រ នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​មិន​បាន​រំពឹង​គិត ថា លោក​ចង់​ធ្វើ​ជា​តំណាងរាស្ដ្រ ចង់បាន​មុខតំណែង​អ្វី​មួយ​ទេ គ្រាន់តែ​ចង់​បង្ហាញ​ពី​ឆន្ទៈ របស់​ប្រជាពលរដ្ឋ និង​លោក​ចង់​អោយ​សិល្បៈក្លាយ​ដូច​លោក​ដែរ​។ ខាងក្រោម​នេះ ជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍​រវាង​លោក​ឃួន សុភ័​ក្រ អ្នកយកព័ត៌មាន​វិទ្យុ​វា​យោ​FM​ជាមួយ​លោក សោភ័ណ ឡា​រី អ្នកសិល្បៈ និង​ជា​សកម្មជន​ដ៏​សកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

សំលេងៈ

លោក ឃួន សុភ័​ក្រ​៖​លោក​សោភ័ណ ឡា​រី លោក​ជា​អ្នក​អ្នកសិល្បះ​មួយរូប ដែល​ចូលរួម​សកម្មភាព​តវ៉ា​នានា ជាមួយនឹង​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​សំណួរ​ដំបូង​ខ្ញុំ​ចង់ដឹង ថា​តើ បច្ចុប្បន្ននេះ តើ​លោក​មាន​បញ្ហា​ដែរ ឬទេ ចំពោះ​ការ​ដែល​មិនសូវ​ផលិតកម្ម​គេ ហៅ​ថត​ដូច​មុន​នោះ​?
លោក​សោភ័ណ ឡា​រី​៖​នៅពេលដែល​ខ្ញុំ ចេញ​មក​គាំទ្រ នូវ​គោលនយោបាយ​របស់ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ខាង​ទូរទស្សន៍ ឬ​វិទ្យុ​ផ្សេងៗ ត្រូវ​បាន​បិទ​ខ្ញុំ​ជិត ដោយសារ​តែ​គេ​ឃើញ ថា ខ្ញុំ​បាន​ប្រឡូក ជាមួយ​នយោបាយ ប៉ុន្ដែ​ខ្ញុំ​សូម​ជម្រាប ថា រឿង​នយោបាយ​គឺជា​រឿង​របស់ ជាតិ ចឹង​ពួក​ខ្ញុំ​តារា​គ្រាន់តែ​ជា​ឈ្មោះ​ទេ ប៉ុន្ដែ​ពួក​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែរ ខ្ញុំ​ក៏​ជា​អ្នករងគ្រោះ​ម្នាក់​ដែរ ចឹង​ខ្ញុំ​មាន​សិទ្ធិតស៊ូ ខ្ញុំ​មាន​សិទ្ធិ​បញ្ចេញមតិ ខ្ញុំ​មាន​សិទ្ធិ​និយាយ អ្វី​ជា​ការពិត ដែលជា​កំហុស​របស់​រដ្ឋាភិបាល ដឹកនាំ​រាល់ថ្ងៃ​។
លោក ឃួន សុភ័​ក្រ​៖​ធ្លាប់​មាន​គេ ប៉ុនប៉ង​ធ្វើ​បាប​លោក​ទេ​?
លោក​សោភ័ណ ឡា​រី​៖ ក្នុង​អំឡុង​ពេល​បោះឆ្នោត ខែ​០៧ គឺ​មាន​គេ​តាម​រហូតដល់​០៧ ក៏​ប៉ុន្ដែ​ខ្ញុំ​គិត វា​ជា​វប្បធម៌​របស់​គណបក្ស​ប្រជាជន​ហើយ ដែល​តាម​គំរាម​គេ តាម​សំលាប់​គេ តាម​បន្លាច​គេ នៅពេលដែល​គេ​ប្រឆាំង​នឹង​ខ្លួនឯង​។ ប៉ុន្ដែ​ខ្ញុំ​នៅតែ​តស៊ូ នៅតែ​ហ៊ាន​ចេញ​ដដែល ព្រោះ​ខ្ញុំ​គិត ថា វា​ជា​សិទ្ធិ​របស់​ខ្ញុំ ហើយ​ថ្ងៃ​ណាមួយ សុខៗ​ខ្ញុំ​អាច​នឹង​មាន​បញ្ហា អាច​នឹង​ស្លាប់​ក៏​ថា​បាន​។ ថ្ងៃ​ណា​មួយ​ខ្ញុំ​អាច​មាន​ជីវិត​បន្ដបាន ចឹង​យើង​មើលអ​ត់​ឃើញ​ទេ​។ ប៉ុន្ដែ​អ្វី​ដែល​យើង​ធ្វើ គឺជា​ឆន្ទះ ប្រជាពលរដ្ឋ​ដែល​គាត់​ចង់បាន ក៏​ដូចជា​ខ្ញុំ​ចង់បាន អនាគត​របស់​ខ្ញុំ ចង់​អោយ​វិស័យ​សិល្បះ​របស់ខ្ញុំ​រីកចំរើន ដូច​ប្រទេស​ដទៃ​ចឹង​។
លោក ឃួន សុភ័​ក្រ​៖​លោក​ចូលរួម​សកម្មភាព នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តើ​លោក​ចង់​បាន​តំណែង ក្នុង​គណបក្ស​នេះ​ឬ​យ៉ាងណា​?
លោក​សោភ័ណ ឡា​រី​៖ បើ​និយាយ​ពី​មនុស្ស​យើង តែងតែ​មាន​ក្ដី​ស្រមៃ​ហើយ កើត​ជា​មនុស្ស​តែងតែមាន​ក្ដី​ស្រមៃ ក៏​ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​គាំទ្រ នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ  ខ្ញុំ​មិន​បាន​រំពឹង​គិត ថា ខ្ញុំ​ចង់​ធ្វើ​ជា​តំណាងរាស្ដ្រ ចង់បាន​មុខតំណែង​អ្វី​មួយ​ទេ គ្រាន់​តែ​ខ្ញុំ ចង់​បង្ហាញ​ពី​ឆន្ទៈ របស់​ប្រជាពលរដ្ឋ ខ្ញុំ​ចង់​អោយ​សិល្បៈ​ក្លាយ​ដូច​ខ្ញុំ​ដែរ​។ បើ​តាម​ពិត​ទៅ​៩០​ភាគរយ នៃ​អ្នកសិល្បៈ ​គឺ​គាត់​គាំទ្រ ប៉ុន្ដែ​ដោយសារ​តែ​គាត់​មិន​ហ៊ាន​ចេញ ដូចជា​ខ្ញុំ​មួយ​ជា​គំរូ​ចឹង គឺ​ខ្ញុំ​ចេញ​មក​ត្រូវ​គេ​បិទ​ខ្ញុំ គេ​បន្លាច​ខ្ញុំ គេ​តាម​ធ្វើបាប​ខ្ញុំ អញ្ចឹង​ពួកគាត់​ខ្លាច​។ នេះ​ហើយ​គឺ​ខ្ញុំ​ចង់​បង្ហាញ ហើយ​នឹង​បង្ហាញ​បន្ដទៀត អោយ​ពួកគាត់​មាន​ឆន្ទៈដូច​ខ្ញុំ​ដែរ ខ្ញុំ​សង្ឃឹមថា គាត់​នឹង​ហ៊ាន​ចេញ​ដូច​ខ្ញុំ​ដែរ​។
លោក ឃួន សុភ័​ក្រ​៖​រាល់​ថ្ងៃ​លោក មាន​ការងារ​២ ទី​មួយ​លោក​ចូលរួម ក្នុង​សកម្មភាព​នយោបាយ ទី​ពីរ​គឺ​សិល្បៈ ចុះ​ប្រសិនបើ​ថ្ងៃ​ណា​មួយ មាន​គំនាប​ខ្លាំង តើ​លោក​ត្រូវ​បញ្ឈប់​ការងារ​ណាមួយ ឬ​នៅ​តែ​បន្ដ​ទាំង​២?
​លោក​សោភ័ណ ឡា​រី​៖ បើ​មាន​គំនាប​ខ្លាំង និយាយ​ទៅ​គំនាប​ខ្លាំង អំឡុង​ពេល​បោះឆ្នោត គឺ​ខ្លាំង​មែនទែន ប៉ុន្ដែ​ខ្ញុំ​អត់​មាន​គិតថា ខ្ញុំ​ថយក្រោយ​ទេ ខ្ញុំ​ដល់ពេលនេះ  គឺ​ខ្ញុំ​អត់​មាន​ថយ​ក្រោយ​ទេ គឺ​ខ្ញុំ​មាន​តែ​ដើរ​ទៅ​មុខ ដើម្បី​អ្វី​ដែល​ជា​ផលប្រយោជន៍​ធំ​នោះ គឺ​ជាតិ​និង​ទឹកដី​របស់​ខ្ញុំ​។ ខ្ញុំ​សូម​បញ្ជាក់​ពាក្យ​មួយ ថា “​ទឹកដី​ប្រទេស​កម្ពុជា មិនមែន​ទឹកដី​របស់ ក្រុម​នយោបាយ​តែ​២ ៣​ក្រុម​ទេ គឺជា​របស់​ជាតិ​ទាំងមូល ចឹង​ពួក​ខ្ញុំ​មាន​សិទ្ធិ​ដឹងលឺ ពួក​ខ្ញុំ​ឈឺឆ្អាល​ទាំងអស់គ្នា​”៕

ព័ត៌មានផ្សេងទៀត