វិធី​៥​យ៉ាង ដើម្បី​បំបាត់​អារម្មណ៍​ខ្ជិលនិង​អស់កម្លាំង!

ដោយ៖ អ៊ុន សុខឡា 09-01-2018 3:15 pm 587

​មនុស្ស​មួយចំនួន​ប្រហែល​ធ្លាប់​ជួបប្រទះ និង​កំពុងមាន​អារម្មណ៍​ខ្ជិល អស់កម្លាំង ល្វើយ​។ អ្នកខ្លះ​ក៏​បានដឹង​ពី​មូលហេតុ អ្នកខ្លះ​នៅតែ​មិនដឹងថា​ហេតុអ្វី មាន​បញ្ហា​សុខភាព​បែបនេះ​កើតឡើង​។ យ៉ាងណា មាន​ដំណោះស្រាយ​សម្រាប់​លោកអ្នក ដែល​ជួបប្រទះ​បញ្ហា​នេះ​។​

​ញ៉ាំ​ទឹក​ឲ្យ​គ្រប់គ្រាន់ ៖ ការបាត់បង់​ជាតិ​ទឹក អាច​បណ្តាលឲ្យ​ឈឺក្បាល អស់កម្លាំង​និង​ខ្វះ​ថាមពល​។ គួរ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ឲ្យបាន​២​ទៅ​៣ លីត្រ​ជា​រៀងរាល់ថ្ងៃ​។ ព្យាយាម​រំលង​សារធាតុ​ញៀន ដូចជា​តែ ឬ​កាហ្វេ សូ​ដា​និង​ភេសជ្ជៈ​ផ្អែម​សិប្បនិម្មិត​ផងដែរ​។ ជំនួស​មកវិញ ដោយ​ការ​ញាំ​តែ​បៃតង​២ ពែ​ង វា​នឹង​ផ្តល់ឲ្យ​អ្នក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​វីតាមីន​ដែល​ជួយ​អ្នកឲ្យមាន​ថាមពល​។​

​គេង​ឲ្យបាន​គ្រប់គ្រាន់ ៖ គេង​ឲ្យបាន​យ៉ាងហោចណាស់​៧​ទៅ​៨​ម៉ោង​។ រក្សា​ម៉ោង​គេង​និង​ភ្ញាក់​ឲ្យបាន​ទៀងទាត់​។​

ញ៉ាំ​អាហារ​ឲ្យមាន​តុល្យភាព ៖ ញ៉ាំ​អាហារ​ដែលមាន​សុខភាព​ល្អ​និង​មាន​តុល្យភាព​។  ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ផ្តល់​ថាមពល ,​ជាតិ​សរសៃ វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​។ ធានាថា ទទួលបាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​។ ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​រួមមាន ត្រី សាច់ និង​សណ្តែក​ជាដើម​។​

​ហាត់ប្រាណ​ទៀងទាត់ ៖ ព្យាយាម​ដើរ ឬ​ជិះ​កង់ និង​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងទៀត​នៅផ្ទះ ដើម្បី​បន្ថយ​ភាព​តានតឹង និង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។​

​កាត់បន្ថយ​ជាតិពុល ៖ កំណត់​ចំពោះ​ការ​ញ៉ាំ​ជាតិ​អាល់កុល​និង​ជាតិ​នីកូទីន​។ ជាតិ​អាល់កុល​ធ្វើឲ្យ​អ្នក​ងងុយគេង​។ ថ្នាំជក់ ផ្ទុក​ជាតិ​នីកូទីន ជា​ភ្នាក់ងារ​រំញោច​ខ្លាំង ដែល​អាច​បណ្តាលឲ្យមាន​ការថប់​បារម្ភ និង​ងងុយគេង​៕

ព័ត៌មានផ្សេងទៀត