ទម្លាប់​អាក្រក់​មួយចំនួន​​គួរ​បញ្ឈប់​​អំឡុង​ពេល​​ងូតទឹក​​

ដោយ៖ អ៊ុន សុខឡា 06-08-2017 4:02 pm 558

​ការ​ងូតទឹក​ជា​ទម្លាប់​ដែល​មនុស្សទូទៅ​បាន​អនុវត្ត​រាល់​ថ្ងៃ ដើម្បី​លាង​សម្អាត​រាងកាយ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន ប្រហែល​កំពុង​អនុវត្ត​ទម្លាប់​ងូតទឹក​មិន​ត្រឹមត្រូវ ឬ​អាច​ហៅថា​ជា​ទម្លាប់​អាក្រក់ ដែល​មិន​គួរ​បន្ត​អនុវត្ត​ទៀត​នោះទេ​។ ខាងក្រោម​នេះ ជា​ទម្លាប់​អាក្រក់មួយចំនួន​តែង​កើតមាន​អំឡុង​ពេល​ងូតទឹក ដែល​គួរ​បញ្ឈប់​!

​ចំណាយ​ពេល​ងូតទឹក​យូរពេក ៖ ការ​ងូតទឹក​រយៈពេល​យូរ​ពេក មិនមែន​ជា​ការសម្អាត​រាងកាយ​បាន​កាន់តែ​ប្រសើរ​នោះ​ទេ ប៉ុន្តែ​វា​អាច​ទៅ​ជា​បណ្ដេញ​សំណើម​ធម្មជាតិ​ចេញពី​ក្នុង​ស្បែក​ទៅវិញ​។ រយៈពេល​ល្អ​បំផុត​សម្រាប់​ការ​ងូតទឹក គួរ​ចំណាយពេល​ចន្លោះ​ពី​៥​ទៅ​១០​នាទី​។ សម្រាប់​ការ​ងូតទឹក​លើសពី​១​ដង​ក្នុង​មួយថ្ងៃ ក៏​ធ្វើឲ្យ​ស្បែក​ស្ងួត​បាន​ដែរ​។ ដូច្នេះ បើ​មិន​អាច​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ ឬ​មិន​អាច​ងូត​តែម្ដង​ក្នុង​មួយ​ថ្ងៃ គួរ​ចំណាយពេល​ខ្លី​ក្នុងការ​ងូតទឹក​ម្ដងៗ ដើម្បី​រក្សា​សំណើម​នៅក្នុង​ស្បែក​។​

​ងូតទឹក​មិន​ដុសក្អែល​ខ្នង​និង​ជើង ៖ ពិត​ណាស់​ដោយសារ ខ្នង​និង​ជើង​ជា​កន្លែង​ពិបាក​ក្នុង​ការ ឱន​និង​ឈោង ដើម្បី​ដុស​សម្អាត ហើយ​មនុស្ស​មួយចំនួន​បាន​មើលរំលង​ការ​ដុស​ស្អាត​កន្លែង​ទាំងពីរ​នេះ​។  ប៉ុន្តែ​វា​ជា​កំហុស​ឆ្គង​ធំ​មួយ ពីព្រោះ​គ្រប់កន្លែង​នៃ​ដងខ្លួន សុទ្ធតែ​មាន​ស្បែក​ងាប់ ត្រូវការ​ដុស​សម្អាត​ជាប្រចាំ ដើម្បី​កុំឲ្យ​មាន​បាក់តេរីនិង​មេរោគ​។​

​មិន​ងូតទឹក​បន្ទាប់ពី​ហាត់ប្រាណ ៖  ទោះបី​មិន​បែក​ញើស អំឡុង​ពេល​ហាត់ប្រាណ​ក៏ដោយ ប៉ុន្តែ​ការ​ងូតទឹក​មិន​អាច​រំលង​ឡើយ​។ បើ​មិន​ឆាប់​ងូតទឹក​បន្ទាប់​ពី​ហាត់ប្រាណ​ទេ វា​នឹង​បង្ក​ទៅជា​ក្លិន​ខ្លួន​មិនល្អ និង​ធ្វើឲ្យ​មេរោគ​នៅ​ជាប់​ខ្លួន​បណ្ដាលឲ្យ​កើត​ជំងឺ​ផ្សេងៗ​។

​មិនឆាប់​លាប​ប្រេង​ថែរក្សា​ស្បែក​បន្ទាប់​ពី​ងូតទឹក ៖ សាប៊ូ​ដែល​ប្រើប្រាស់​ដើម្បី​សម្អាត​រាងកាយ​មួយចំនួន អាច​ធ្វើ​ឲ្ស​ស្បែក​ស្ងួត​។ ដូច្នេះ នៅ​ពេល​ងូតទឹក​រួច មិនគួរ​ចាំ​ដល់​ស្បែក​ស្ងួត​ទាំងស្រុង ទើប​លាប​ប្រេង​ថែរក្សា​ស្បែក​នោះ​ទេ​។ ប្រេង​ថែរក្សា​ស្បែក​គួរ​លាប​លើ​ស្បែក​ដែល​សើម​តិចៗ ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​បានល្អ​៕

ព័ត៌មានផ្សេងទៀត