ជីវិត និងកម្សាន្ត

ទីក្រុង​បី​​ជាប់​ជា​ទីក្រុង​​មានតម្លៃ​​ថ្លៃ​បំផុត​​សម្រាប់​​អ្នក​ចំណាកស្រុក​​ទៅ​រស់នៅ​

ដោយ៖ ពេញ ផេង    20-03-2019 9:27 AM    683
រូបភាព​ទីក្រុងប៉ារីសប្រទេសបារាំង

​យោងតាម​ការស្រាវជ្រាវ​របស់​អង្គភាព​ស៊ើបអង្កេត​ផ្នែក​សេដ្ឋកិច្ច​(EIU) ដែល​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា​ម្សិលមិញ​បានឲ្យដឹងថា ទីក្រុង​ហុងកុង ទី​ក្រុងប៉ារីស និង​សិង្ហ​បុរី ជាប់​ឈ្មោះ​ជា​ទីក្រុង​ដែល​ត្រូវ​ចំណាយ​ថ្លៃ​បំផុត​សម្រាប់​អ្នក​ចំណាកស្រុក​ទៅ​រស់នៅ​។ របាយការណ៍​ចេញផ្សាយ​ផ្អែកលើ​ការវាស់ស្ទង់​លើ​ទីក្រុង​ចំនួន​១៣៣​ទូទាំង​ពិភពលោក​។ នេះ​គឺជា​លើកដំបូងក្នុ​ង​ប្រវត្ដិសាស្ដ្រ ដែលមាន​ទីក្រុង​ចំនួន​៣​ជាប់​ជា​ទីក្រុង​មានតម្លៃ​ថ្លៃ​បំផុត​។ កាលពី​ឆ្នាំមុន​ទីក្រុង​ហុងកុង​និង​ទីក្រុង​ប៉ារីស​ជាប់​ចំណាត់ថ្នាក់​ទី​៤​និង​ទី​២ ខណៈ​សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ទីក្រុង​មានតម្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក​។​

​តម្លៃ​នៃ​ការ​រស់នៅក្នុង​ពិភពលោក​ឆ្នាំ​២០១៩​បង្ហាញ​ដោយ​EIU ប្រៀបធៀប​នឹង​តម្លៃ​នៃ​សម្ភារ​ចំនួន​ជាង​៤០០​មុខ នៃ​ទំនិញ​១៦០​ប្រភេទ​ផ្សេងៗ​គ្នា​រួមទាំង​សេវាកម្ម​ផង​។ ក្នុងនោះ​មានដូចជា​អាហារ ភេសជ្ជៈ សម្លៀកបំពាក់ សម្ភារ​ផ្ទះបាយ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន ការចំណាយ​លើ​សាលា​ឯកជន ជំនួយ​ក្នុងស្រុក និង​ការចំណាយ​លើ​ការកម្សាន្ដ​៕