ពិភពលោកទាំងមូលទទួលស្គាល់ថា បុរសជនជាតិកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខមួយ ជាអ្នកដែលយកចិត្ដទុកដាក់ខ្លាំងបំផុតលើការថែរក្សាសម្រស់។ ពួកគេនាំមុខបុរសទាំងអស់នៅក្នុងពិភពលោក ខាងផ្នែកថែរក្សាសម្រស់រាប់តាំងពីការកែសម្ផស្ស ធ្វើម៉ូតសក់ និងការថែរក្សាមុខនៅផ្ទះជាដើម ហើយក៏ជាបុរសដែលទទួលបានផលិតផលថែរក្សាសម្រស់ ជាយូរណាស់មកហើយ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារEuromonitor បុរសជនជាតិកូរ៉េខាងត្បូងមានចំណែកទីផ្សាររហូតដល់៤៤ភាគរយនៅកូរ៉េខាងត្បូង ចន្លោះពីឆ្នាំ២០១១ដល់២០១៧ ក្នុងការប្រើប្រាស់សេវាកម្មឬទិញផលិតផលថែរក្សាសម្រស់។ បើយោងតាមការស្ទង់មតិថ្មីៗនេះរបស់ GlobalData បុរសជនជាតិកូរ៉េខាងត្បូងប្រមាណបីភាគបួន បានទទួលយកការកែសម្ផស្សឬថែរក្សាសម្រស់របស់ពួកគេឲ្យកាន់តែស្រស់ស្អាត ដើម្បីប្រកួតប្រជែងក្នុងការរស់នៅប្រចាំថៃ រួមទាំងក្នុងវិស័យការងារផងដែរ។
ក្រៅពីនៅកូរ៉េខាងត្បូង បច្ចុប្បន្ននៅក្នុងបណ្ដាប្រទេសលោកខាងលិច បុរសៗក៏ចាប់ផ្ដើមគិតគូរពីការថែរក្សាសម្រស់របស់ពួកគេដែរ។ កត្ដានេះទើបមានសំណួរចោទសួរថា តើបុរសនៅក្នុងប្រទេសលោកខាងលិច អាចនឹងដើរតាមបុរសនៅកូរ៉េខាងត្បូងឬទេ?