ជីវិត និងកម្សាន្ត

សិង្ហ​បុរី​៖​​ចាប់ពី​ឆ្នាំ​​២០១៩​​អ្នកប្រើប្រាស់​​ផលិតផល​ថ្នាំ​ជក់​បាន​​ត្រូវមាន​​អាយុ​១៩​​ឆ្នាំ​ឡើង​

ដោយ៖ ពេញ ផេង    29-12-2018 8:51 AM    225
រូបភាពបារី

​ចាប់ពី​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩​ទៅ អ្នក​ចង់​ជក់បារី​ឬ​ប្រើប្រាស់​ផលិត​ថ្នាំជក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវតែមាន​អាយុ​ចាប់ពី​១៩​ឆ្នាំ​ឡើង​។ ការកំណត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សិង្ហបុរី ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​ក្នុងប្រទេស​។ តាមច្បាប់​ចាស់​អ្នក​អាច​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​បាន កំណត់​អាយុ​ត្រឹម​១៨​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្ដែ​តាម​ការធ្វើកំណែទម្រង់​ច្បាប់​ស្ដីពី​ថ្នាំជក់ បានកំណត់​សារជាថ្មី​នូវ​អាយុ​អ្នក​អាច​ប្រើប្រាស់​ផលិតផល​នេះ​បាន​។ 

​ផែនការ​របស់​រដ្ឋាភិបាល​គឺ​នឹង​កំណត់ អ្នកមាន​សិទ្ធិ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ស្របច្បាប់​នៅ​អាយុ​២១​ឆ្នាំ ដែល​ផែនការ​នេះ​នឹង​សម្រេច​ទាំងស្រុង​នៅ​ឆ្នាំ​២០២១​។ មានន័យថា​នៅ​ឆ្នាំ​២០២០​និង​ដំឡើង​មួយឆ្នាំ ហើយ​ឆ្នាំ​២០២១​នឹង​ដំឡើង​មួយឆ្នាំ​ទៀត​។ ចាប់ពី​ឆ្នាំ​២០២១​ទៅ​អ្នកប្រើប្រាស់​ថ្នាំជក់​អាយុ​ក្រោម​២១​ឆ្នាំ នឹងមិន​ត្រូវបាន​ការ​អនុញ្ញាត​ជាដាច់ខាត​។​

​ចំពោះ​អ្នកលក់​ដែល​លក់​ឲ្យ​ជនអាយុ​តិចជាង​ច្បាប់​បានកំណត់ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​៥​ពាន់​ដុល្លារ​សិង្ហ​បុរី​សម្រាប់​បទល្មើស​ទីមួយ ហើយនឹង​ពិន័យ​១​ម៉ឺន​ដុល្លារ​សិង្ហ​បុរី​សម្រាប់​បទល្មើស​ជា​បន្ដបន្ទាប់​។ លើសពីនេះទៅទៀត អាជ្ញាប័ណ្ណ​លក់​ផលិតផល​ថ្នាំជក់​របស់​ពួកគេ​នឹងត្រូវ​ផ្អាក​សម្រាប់​បទល្មើស​ទីមួយ ហើយ​នឹងត្រូវ​ដកហូត​តែម្ដង​សម្រាប់​បទល្មើស​បន្ទាប់​។​

​ទន្ទឹមនឹងនេះ​ដែរ បុគ្គល​ដែល​ផ្គត់ផ្គង់​ផលិតផល​ថ្នាំជក់​ទៅឲ្យ​អ្នកមាន​អាយុក្រោម​ច្បាប់​អនុញ្ញាត នឹង​ប្រឈម​ការដាក់ទោស​ផងដែរ​។ អ្នក​ដែល​ទិញ​ផលិតផល​ថ្នាំជក់​ឲ្យ​អ្នក​មិនទាន់​គ្រប់​អាយុ នឹង​ទទួលពិន័យ​រហូតដល់​២,៥០០​ដុល្លារ​សិង្ហ​បុរី សម្រាប់​បទល្មើស​ទីមួយ ហើយ​៥​ពាន់​ដុល្លារ​សម្រាប់​បទល្មើស​បន្ទាប់​។ ដោយឡែក​អ្នក​ដែល​ឲ្យ​ផលិតផល​ថ្នាំជក់​ទៅឲ្យ​ជន​ក្រោម​អាយុ​កំណត់ នឹង​ពិន័យ​៥០០​ដុល្លារ​សិង្ហ​បុរី​សម្រាប់​បទល្មើស​ដំបូង និង​១​ពាន់​ដុល្លារ​សម្រាប់​បទល្មើស​បន្ទាប់​។ ជន​អាយុ​ក្រោម​ការកំណត់​ដែលជា​អ្នក​ជក់ នៅពេល​ចាប់ខ្លួនបាន​ពេល​កំពុង​ទិញ ឬ​មាន​ផលិតផល​ថ្នាំជក់​នៅក្នុង​ដៃ អាច​ពិន័យ​រហូតដល់​៣០០​ដុល្លារ​សិង្ហ​បុរី​៕