ជីវិត និងកម្សាន្ត

បុរស​វ័យ​​ចំណាស់​​បំផុត​​នៅ​សហរដ្ឋអាមេរិក​​ទទួល​មរណភាព​​ក្នុង​វ័យ​១១២​ឆ្នាំ​

ដោយ៖ ពេញ ផេង    28-12-2018 1:47 PM    234
រូបភាព​លោក​Richard Overton

​លោក​Richard Overton ជា​អតីត​ទាហាន​ជើងចាស់​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ និង​ជា​មនុស្ស​វ័យ​ចំណាស់​បំផុត​នៅ​សហរដ្ឋអាមេរិក បាន​ទទួលមរណភាព​ហើយ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នៅ​អាយុ​១១២​ឆ្នាំ​។ ការស្លាប់​របស់លោក​ត្រូវបាន​ជូន​ដោយ​សមាជិកគ្រួសារ​។ លោក​Overton​នឹងមាន​អាយុ​១១៣​ឆ្នាំ​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៩​។​

​ក្រុមគ្រួសារ​របស់លោក​បាន​និយាយថា ទាហាន​ជើងចាស់​រូបនេះ​បាន​សម្រាក​នៅ​មន្ទីរពេទ្យ ដោយសារ​ជំងឺ​រលាក​សួត​។ លោក​គឺជា​មនុស្ស​មាន​អាយុ​វែង​ជាងគេ​រស់នៅក្នុង​ទីក្រុង​Austin រដ្ឋ​Texas​។ លោក​ធ្លាប់បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​CNN​ក្នុង​ឆ្នាំ​២០១៣​ថា លោក​បាន​គោរព​ដល់​ព្រះ​ជាហេតុ​ធ្វើឲ្យ​លោក​រស់នៅ​បានយូរ លោក​មិនបាន​ផឹកថ្នាំ​អ្វី ឬ​កសាង​នូវ​អំពើ​បាន​ណាមួយ​ឡើយ​។ កាលពី​លោក​មាន​អាយុ​១០៧​ឆ្នាំ លោក​ផឹកស្រា​វី​ស្គីជា​មួយ​កាហ្វេ ពេលខ្លះ​ផឹក​វា​ទទេ​។ លោក​ក៏បាន​ជក់បារី​ផងដែរ ប៉ុន្ដែ​លោក​ផ្លុំ​ផ្សែង​បារី​ចោល​មិន​លេប​វា​ទេ​។​

​សូម​រម្លឹកថា លោក Overton​បាន​ស្ម័គ្រចិត្ដ​ចូល​បម្រើកងទ័ព​ក្នុង​ឆ្នាំ​១៩៤២ ហើយ​ចូល​បម្រើការ​ជាមួយ​កង​វរសេនីយ៍​វិស្វករ​អាកាសចរ​ទី​១៨៨ ជា​អង្គភាព​ខ្មៅ​ដែល​បាន​បម្រើការ​នៅលើ​កោះ​ជាច្រើន​នៅ​ប៉ាស៊ីហ្វិក​៕