ជីវិត និងកម្សាន្ត

អធិរាជ​​ជប៉ុន​​ថ្លែង​សារ​​ចុងក្រោយ​​ទៅកាន់​​ប្រជានុរាស្ដ្រ​​មុន​ដាក់រាជ្យ​

ដោយ៖ ពេញ ផេង    24-12-2018 10:58 AM    604
​អធិរាជ​ជប៉ុន​ព្រះបាទ​អាគី​ហ៊ី​តូ​(Akihito)និងអគ្គមហេសី

​អធិរាជ​ជប៉ុន​ព្រះបាទ​អាគី​ហ៊ី​តូ​(Akihito) បាន​ថ្លែង​សារ​ចុងក្រោយ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម ទៅកាន់​ប្រជាជន​ជប៉ុន​ប្រមាណ​ជាង​៨​ម៉ឺន​នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​។ ជា​សារ​ចុងក្រោយ​ដោយសារតែ​ទ្រង់​នឹង​ដាក់រាជ្យ​ខែមេសា​ឆ្នាំក្រោយ ហើយ​ផ្ទេរ​រាជបល្ល័ង្ក​ឲ្យ​ព្រះអង្គម្ចាស់​ណា​រូហី​តូ​(Naruhito) ជា​បុត្រា​ច្បង​របស់​ព្រះអង្គ​។ នៅក្នុង​សារ​ជា​លើកចុងក្រោយ អធិរាជ​អាគី​ហ៊ី​តូ​មាន​វ័យ​៨៥​ព្រះវស្សា​ទៅហើយនោះ មាន​ព្រះបន្ទូល​ថា ទ្រង់​ពិតជា​ទទួលបាន​ភាពកក់ក្ដៅ​យ៉ាងខ្លាំង​ពី​ប្រជាជន ហើយ​ទ្រង់​ពិតជា​សប្បាយចិត្ដ ដែល​ក្នុង​រជ្ជកាល​នៃ​ការ​គ្រង់​រាជ្យ​របស់​ទ្រង់​គ្មាន​សង្គ្រាម​ផ្ទុះឡើង ព្រមទាំង​មាន​ការផ្ទេរ​រាជបល្ល័ង្ក​ដោយ​សន្ដិភាព​។​

​ព្រះអង្គ​សូម​អរគុណ​ដល់​ប្រជានុរាស្ដ្រ និង​អគ្គមហេសី​មី​ឈី​កូ​(Michiko) ដែល​តែងតែ​គាំទ្រ​ទ្រង់​ជានិច្ច​។ នៅក្នុង​រជ្ជកាល​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​ប្រមាណ​៣​ទសវត្ស ត្រូវបាន​គេ​ស្គាល់​ថា​ជា​សម័យកាល សម្រេចបាន​នូវ​សន្ដិភាព​អស្ចារ្យ​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​។ សូមបញ្ជាក់ថា អធិរាជ​អាគី​ហ៊ី​តូ​គឺជា​ស្ដេច​នៅមាន​ព្រះជន្ម​ដំបូង​គេ​របស់​ជប៉ុន ក្នុង​រយៈពេល​ជិត​២០០​ឆ្នាំ ដែល​បានប្រកាស​ដាក់រាជ្យ​៕