ជីវិត និងកម្សាន្ត

បវរកញ្ញា​​អាមេរិក​​ចេញ​សារ​​សុំទោស​​បវរកញ្ញា​កម្ពុជា​​និង​វៀតណាម​​ព្រោះ​ហេតុផល​មួយ​

ដោយ៖ ពេញ ផេង    15-12-2018 8:00 AM    379
រូបភាព​បវរកញ្ញា​អាមេរិក​Sarah Rose Summer

​នៅ​ទីបំផុត​បវរកញ្ញា​អាមេរិក​Sarah Rose Summer បានចេញ​សារ​សុំទោស​បវរកញ្ញា​កម្ពុជា​និង​វៀតណាម ជា​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ ការសុំ​ទោស​នេះ​ធ្វើឡើង​នៅលើ​បណ្ដាញ​សង្គម​Instagram​របស់​នាង​។ បន្ទាប់ពី​វីដេអូ​ដែល​នាង​បាន​បង្ហោះ​លើ​បណ្ដាញ​Instagram កញ្ញា​Sarah Rose Summer​ដែលមាន​អាយុ​២៤​ឆ្នាំ បានទទួល​នូវ​ការរិះគន់​យ៉ាងខ្លាំង ដោយ​អ្នកគាំទ្រ​ជាច្រើន​ចោទថា នាង​បាន​ចំអក​ឲ្យ​បវរកញ្ញា​កម្ពុជា​និង​វៀតណាម​។​

​នៅក្នុង​វីដេអូ​នាង​Summer​បាន​និយាយ​ពី​បវរកញ្ញា​កម្ពុជា​រឿន ណាត និង​បវរកញ្ញា​វៀតណាម​H’Hen Nie ដែល​មិនអាច​និយាយ​ភាសា​អង់គ្លេស​បានល្អ ធ្វើឲ្យមាន​ការពិបាក​ក្នុងពេលទំ​នាក់​ទំនង​។ នាង​ថា​តែងតែ​យល់ច្រឡំ​នៅពេល​សន្ទនា​គ្នា ហើយ​បវរកញ្ញា​វៀតណាម​និង​កម្ពុជា​ហាក់​ឯកា​បន្ដិច​។ ពាក្យសម្ដី​នេះហើយ​ដែល​ធ្វើឲ្យ​Summer រង​នូវ​ប្រតិកម្ម​ពី​សំណាក់​អ្នកគាំទ្រ ពិសេស​គឺ​អ្នកគាំទ្រ​បវរកញ្ញា​កម្ពុជា​។ 

​តាមពិត​ពាក្យសម្ដី​នេះ​នាង​Summer​ថា មិនមាន​ចេតនា​ចង់​សើចចំអក​ដល់​នរណាម្នាក់​ឡើយ ប៉ុន្ដែ​ជា​ពាក្យ​ពិត និង​និយាយ​ក្នុង​គោលបំណង​សរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​មិត្ដ​រួម​អាជីព​ទៅវិញ​ទេ​។ តែ​ពេលនេះ​ពាក្យសម្ដី​របស់​នាង បាន​ក្លាយជា​សម្ដី​ដែល​បង្ហាញ​ពី​ការមិន​គោរព​គ្នា​ទៅវិញ​។ ដូច្នេះ​នាង​ពិតជា​សុំទោស​ចំពោះ​អ្វីដែល​នាង​បាន​និយាយ​ទៅកាន់​បវរកញ្ញា​កម្ពុជា​និង​វៀតណាម​...​។​

​សូមបញ្ជាក់ថា ពេលនេះ​បវរកញ្ញា​តំណាង​កម្ពុជា​កញ្ញា​រឿន ណាត ព្រមទាំង​បវរកញ្ញា​មកពី​ជាង​៩០​ប្រទេស​ទៀត កំពុងស្ថិត​ក្នុងប្រទេស​ថៃ​ចូលរួម​ប្រកួតប្រជែង​បវរកញ្ញា​ចក្រវាល​ឬ​Miss Universe៕