ជីវិត និងកម្សាន្ត

ឈិន​ឡុង​​បង្ហាញ​​អាថ៌កំបាំង​​មួយ​​ដែល​គ្រប់គ្នា​​មិន​នឹកស្មាន​​ដល់​

ដោយ៖ ពេញ ផេង    01-12-2018 2:42 PM    712
រូបភាពលោកJackie Chan

​កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន លោក​Jackie Chan​ដែល​ប្រជាជន​ខ្មែរ​ទូទៅ​ស្គាល់​ថា​ឈិន​ឡុង ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ក្នុង​អាជីព​ជា​អ្នក​សម្ដែង​របស់លោក ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ​។ អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក តែង​គោរព​ស្រឡាញ់​លោក​ជានិច្ច ដោយសារ​លោក​ជា​មនុស្ស​រួសរាយ​រាក់ទាក់ សុភាពរាបសារ មិន​ឆ្មើងឆ្មៃ​ពេល​ជួប​អ្នកគាំទ្រ​។ 

​ប៉ុន្ដែ​ធាតុពិត​មួយ​ត្រូវ​បានបង្ហាញ​ក្នុង​សៀវភៅ​មួយ​ក្បាល មាន​ចំណងជើង​ថា​“Never Grow Up” ដែល​ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់​ព្រើត​ស្ទើរ​មិន​នឹកស្មាន​ដល់​។ នៅក្នុង​សៀវភៅ​នោះ​លោក​Jackie Chan​បាន​សារភាពថា បើ​គិតពី​ជីវិត​ពី​អតីតកាល​របស់លោក វា​ជា​រឿង​ដ៏​គួរឲ្យ​ខ្មាសអៀ​ននិង​ស្ដាយក្រោយ​បំផុត​។ ពីមុន​លោក​ធ្លាប់ជា​មនុស្ស​ប្រមឹក ញៀន​ល្បែងស៊ីសង ដេក​ជាមួយ​ស្រី​រាប់សិប​នាក់​។ លោក​ក៏​ធ្លាប់ប្រើ​ហិង្សា​លើ​កូនប្រុស​ខ្លួនឯង​ទៀត ក្នុងពេល​វាយតប់​ជាមួយ​ប្រពន្ធ​។ លោក​ក៏​បង្ហាញ​ការសោកស្ដាយ​ជាខ្លាំង ដែល​មិនបាន​ខិតខំ​រៀនសូត្រ​ក្នុងពេល​នៅ​វ័យ​សិក្សា​។​

​នៅពេល​លោក​ចាប់ផ្ដើម​រកប្រាក់​បាន​ច្រើន លោក​បាន​ចំណាយ​វា​ទៅលើ​ស្រា ស្រី ល្បែង និង​ធ្វើ​រឿង​ជាច្រើន ដើម្បី​បង្ហាញ​ឲ្យ​អ្នកធ្លាប់​មាក់ងាយ​លោក​បាន​ភ្លឺភ្នែក​។ លោក​ថា​កាលពី​ប្រមាណ​១០​ឆ្នាំមុន លោក​ធ្លាប់​ចំណាយ​ប្រាក់​២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ប៉ាវ​អាហារ​មនុស្ស​ជាច្រើន និង​បានឲ្យ​កាដូ​មានតម្លៃ​ជាច្រើនទៀត​ដល់​ពួកគេ​។ លោក​ថា​លោក​ក៏​ធ្លាប់មាន​រឿងអាស្រូវ​ជាច្រើន​ទៀត​ដែរ​។ 

​ប៉ុន្ដែ​បច្ចុប្បន្ន​លោក​ពិតជា​ស្ដាយក្រោយ​ខ្លាំងណាស់ ហើយ​លោក​នៅតែ​បន្ទោស​ខ្លួនឯង​ចំពោះ​ការព្រឹ​ត្ដ​អំពើ​ដែលមិន​គប្បី​ដូច្នេះ​។ សព្វថ្ងៃ​លោក​Jackie Chan​មាន​អាយុ​៦៤​ឆ្នាំ​៕