ជីវិត និងកម្សាន្ត

ឥណ្ឌា​៖​​ស្លាប់​​ទាំង​ម្ដាយ​​និង​កូន​​ក្រោយ​​ទទួល​​ការវះកាត់​​សម្រាល​​ពី​គ្រូពេទ្យ​​ដែល​ស្រវឹង​

ដោយ៖ ពេញ ផេង    29-11-2018 1:50 PM    216
រូបភាពក្រុមគ្រូពេទ្យ​កំពុងវះកាត់ឲ្យ​អ្នកជំងឺក្នុងមន្ទីរពេទ្យ​នៅឥណ្ឌា

​វេជ្ជបណ្ឌិត​ម្នាក់​បម្រើកា​រ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ ស្ថិតក្នុង​រដ្ឋ​Gujarat​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ ពាក់ព័ន្ធ​ករណី​វះកាត់​ឲ្យ​ស្ដ្រី​សម្រាលកូន​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ធ្វើឲ្យ​ស្លាប់​ទាំងម្ដាយ​ទាំង​កូន​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​ប្រាប់​ដល់​សារព័ត៌មាន​BBC​។ ទារក​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ការវះកាត់ ខណៈ​ម្ដាយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ដោយសារ​ហូរឈាម​មិន​ឈប់​។ ស្ដ្រីជា​ជនរងគ្រោះ​មាន​ឈ្មោះថា​Kamini Chachi អាយុ​២២​ឆ្នាំ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កើតហេតុ​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​នាង​ឈឺពោះ​សម្រាលកូន​។​

​ចំណែក​គ្រូពេទ្យ​មានឈ្មោះ​លោក​PJ Lakhan ជា​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​មានបទពិសោធន៍​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​Sonavala អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​។ ប៉ូលិស​បញ្ជាក់ថា​ក្រោយ​កើតហេតុ ការពិនិត្យ​រកឃើញថា​លោក​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​។ ពេលនេះ​កំពុងមាន​ការស៊ើបអង្កេត​បន្ថែម ថា​តើ​ករណី​ធ្វើឲ្យ​ស្លាប់​ទាំងម្ដាយ​ទាំង​កូន​ពេល​សម្រាល​នេះ បង្កឡើង​ដោយសារ​ការធ្វេសប្រហែស​នឹង​ការងារ ឬ​ដោយសារ​មូលហេតុ​វេជ្ជសាស្ដ្រ​៕​