ជីវិត និងកម្សាន្ត

ក្រុម​BTS​​ចេញ​សារ​​សុំទោស​​ករណី​​សមាជិក​​ក្រុម​​ពាក់អាវ​​រូប​គ្រាប់បែក​​អាមេរិក​​ទម្លាក់​​លើ​ជប៉ុន​

ដោយ៖ ពេញ ផេង    14-11-2018 3:06 PM    227
រូបភាពក្រុម BTS កូរ៉េខាងត្បូង

​ក្រុមការងារ​តារាចម្រៀង​កូរ៉េខាងត្បូង​BTS បានចេញ​សារ​សុំទោស​ជា​សាធារណៈ ចំពោះ​សមាជិក​ម្នាក់​ក្នុង​ក្រុម ដែល​ពាក់​អាវយឺត​ពណ៌​នាពី​គ្រាប់បែក​បរមាណូ ទម្លាក់​នៅក្នុង​ប្រទេស​ជ​ប៉ុននា​សម័យ​សង្គ្រាមលោកលើកទី​ពីរ​។ ទីភ្នាក់ងារ​ក្រុម​BTS​បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​អង្គារថា សមាជិក​របស់ខ្លួន​និង​ក្រុមការងារ​ទាំងអស់​ពិត​ជា​គ្មាន​ចេតនា ធ្វើឲ្យប៉ះពាល់​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់បែក​នេះទេ​។ ពួកគេ​បញ្ជាក់ថា​នឹង​ពន្យល់​ដល់​ជនរងគ្រោះ​ក៏ដូចជា​អ្នកពាក់ព័ន្ធ​នានា ហើយ​សុំទោស​ចំពោះ​ការរំខាន​ដោយ​អ​ចេតនា​។​

 

​ដោយសារតែ​បញ្ហា​នេះ ទូរទស្សន៍​មួយ​របស់​ជប៉ុន​បាន​លុបចោល​កម្មវិធី​សម្ដែង​ក្រុម​BTS​ផងដែរ​។ រូបភាព​លោក​Jimin​ពាក់​អាវយឺត​ពណ៌​នាពី​ការទម្លាក់​គ្រាប់បែក​លើ​ប្រទេស​ជប៉ុន បាន​ចែករំលែក​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត បង្កឲ្យមាន​កំហឹង​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកគាំទ្រ​ជនជាតិ​ជប៉ុន ដែល​ពួកគេ​ចាត់ទុកថា​ជា​ការប្រមាថ​។

​អាវយឺត​ដែលមាន​រូបភាព​គ្រាប់បែក​អាមេរិក​ទម្លាក់​លើ​ប្រទេស​ជប៉ុន ក៏មាន​ពាក្យស្លោក​ឯករាជ្យ​ជាតិ​របស់​កូរ៉េខាងត្បូង​។ មានន័យថា​ដោយសារតែ​ការទម្លាក់​គ្រាប់បែក​នេះហើយ ទើប​កូរ៉េខាងត្បូង​អាច​ទទួលបាន​ឯករាជ្យ ពី​ការត្រួតត្រា​របស់​ជប៉ុន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​ពីរ​៕