ជីវិត និងកម្សាន្ត

អតីត​​ព្រះ​នាង​​Ayako​​ជប៉ុន​​ស្លៀក​រ៉ូប​​សូត្រ​​ត្បាញ​​នៅ​កម្ពុជា ក្នុង​ថ្ងៃ​​ជប់លៀង​​មង្គលការ​ខ្លួន​

ដោយ៖ ពេញ ផេង    01-11-2018 11:43 AM    634
អតីត​​ព្រះ​នាង​​Ayako​​​ក្នុងថ្ងៃជប់លៀង

​វា​ពិតជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល ប៉ុន្ដែ​អាច​និយាយបានថា​ជា​ការស្រឡាញ់​ក៏​ថា​បាន ដែល​អតីត​ព្រះ​នាង​Ayako ជា​កូនស្រី​បងប្អូន​ជីដូនមួយ​អធិរាជ​ជប៉ុន​Akihito សម្រេច​ជ្រើសរើស​យក​សូត្រ​ត្បាញ​នៅ​កម្ពុជា ធ្វើជា​រ៉ូបយ៉ាង​ស្រស់ស្អា​តគ្រង​ក្នុង​ពិធីជប់លៀង​មង្គលការ​ខ្លួន កាលពី​ថ្ងៃទី​៣០​តុលា​។

​សូត្រ​ពណ៌​ផ្កាឈូក​ដ៏​ស្រស់ស្អាត​នេះ ជា​របស់​អ្នកស្រី Kimie​ម្ដាយ​លោក​Moriya ដែល​អ្នកស្រី​បានទទួល​កាល​នៅ​បម្រើការ ជា​នាយក​ប្រតិ​ប​ត្ដិ​អង្គការ​កុមារ​គ្មាន​ព្រំដែន​(Kokkyo naki Kodomotach)​។ ក្រោយមក​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ បាន​យក​សូត្រ​ជូន​ជា​កាដូ​ដល់​គ្រួសារ​ព្រះ​នាង​Ayako​ក្នុង​ឆ្នាំ​២០១៤​។​

​សូមបញ្ជាក់ថា ព្រះ​នាង​Ayako​ដែល​បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា​អ្នកស្រី​Moriya មាន​អាយុ​២៨​ឆ្នាំ​។ ចំណែក​ស្វាមី​ឈ្មោះ​លោក​Kei Moriya មាន​អាយុ​៣២​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​ល្បីឈ្មោះ​មួយ​របស់​ជប៉ុន​។ អ្នក​ទាំង​ពីរបាន​រៀបការ​កាលពី​ថ្ងៃទី​២៩​តុលា ហើយ​នៅ​ថ្ងៃទី​៣០​តុលា​បានរៀបចំ​ពិធីជប់លៀង ដោ​មាន​ការចូលរួម​ពិ​សមាជិក​សែ​រាជវង្ស និង​ឥស្សរជន​នយោបាយ​ចូលរួម​ប្រមាណ​៧០​រូប ក្នុងនោះ​មាន​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​ផងដែរ​។

​អ្នក​ទាំងពីរ​ស្គាល់គ្នា​តាមរយៈ​ការណែនាំ​ពី​ម្ដាយ​ព្រះ​នាង​Ayako ដែលជា​មិត្ដភក្ដិ​ម្ដាយ​លោក​Moriya កាលពី​ចុង​ឆ្នាំមុន​។ ក្រោយពី​រៀបការ​ព្រះ​នាង​ត្រូវ​ចាកចេញ​ពី​សែ​រាជវង្ស​ជប៉ុន​និង​ក្លាយជា​ជន​សាមញ្ញ​ម្នាក់ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​នេះ​គឺជា​ការសម្រេចចិត្ដ​ដោយ​ក្ដីរីករាយ​៕