ជីវិត និងកម្សាន្ត

បុរស​ជនជាតិ​​បារាំង​​រហ័ស​នាម​​Spiderman ត្រូវ​ចាប់ខ្លួន​​ក្រោយ​ឡើង​លើ​​អគារ​​កម្ពស់​​២៣០​ម៉ែត្រ​

ដោយ៖ ពេញ ផេង    27-10-2018 1:58 PM    469
លោក​Alain Robert ពេលឡើងលើអគារHeron Towerនៅអង់គ្លេស

​បុរស​ជនជាតិ​បារាំង​ម្នាក់​ដែល​ល្បីឈ្មោះ​ថា​ជា​អ្នកជំនាញ​ឡើង​អគារ​ខ្ពស់ និង​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា​ជា​Spiderman ទើបបាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​បន្ថែមទៀត​ក្នុងពេល​ថ្មីៗ​។ លោក​មាន​ឈ្មោះថា​Alain Robert អាយុ​៥៦​ឆ្នាំ ធ្លាប់​មានបទពិសោធន៍​ឡើងលើ​អគារ​ជាច្រើន​ដូចជា អគារ​Burj Khalifa​ក្នុង​ទីក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់​រួមមាន​កម្ពស់​៨២៩​ម៉ែត្រ អគារ​Empire State​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​មាន​កម្ពស់​៤៤៣,២​ម៉ែត្រ អគារ​Portland House​កម្ពស់​១០១​ម៉ែត្រ នៅក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​ជាដើម​។

​កាលពី​ថ្ងៃទី​២៥​តុលា​លោក​Alain Robert បាន​ទទួលជោគជ័យ​មួយទៀត គឺ​បាន​ឡើង​អគារ​Heron Tower​ក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​មាន​កម្ពស់​២៣០​ម៉ែត្រ ដោយ​ពុំ​មានប្រើ​ខ្សែក្រវាត់​សុវត្ថិភាព​ឡើយ​។ ប៉ុន្ដែ​ក្រោយពី​ចុះ​មកដល់​ដី​វិញ លោក​ក៏​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារតែ​សកម្មភាព​របស់លោក​បង្ក​ការរំខាន​ជា​សាធារណៈ​។ យ៉ាងណាមិញ​លោក​Robert​បាន​បញ្ជាក់ថា លោក​មិនមែនជា​មនុស្ស​ឆ្កួត​ឡើយ​។ អ្វីដែល​លោក​ធ្វើ​ហាក់ដូចជា​ទង្វើ​ឆ្កួត​ឡប់ ប៉ុន្ដែ​ធាតុពិត​លោក​មិនជា​មនុស្ស​បែបនេះ​ទេ​៕