ជីវិត និងកម្សាន្ត

ម៉ាឡេស៊ី​​ប្រកាស​​នឹង​ដំឡើង​ថ្លៃ​បារី ដំឡើង​អាយុ​​អ្នកទិញ​​គ្រឿង​ស្រវឹង​

ដោយ៖ ពេញ ផេង    20-10-2018 3:46 PM    856
រូបភាព​ស្ដ្រីម្នាក់ជក់បារី

​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី លោក​វេជ្ជបណ្ឌិត​Dzulkefly Ahmad​បាន​និយាយ​ថ្មីៗ​នេះ​ថា ម៉ាឡេស៊ី​នឹង​ដំឡើង​តម្លៃ​លក់​បារី​នៅ​ចុង​ខែតុលា​នេះ​។ លោក​ថា​ការដំឡើង​តម្លៃ​លក់​ថ្នាំជក់​ក្នុងនោះ​មាន​បារី​ជាដើម ដោយសារតែ​ការដំឡើង​ពន្ធ​ស្ថិតក្រោម​បទបញ្ជា​8A នៃ​ការត្រួតពិនិត្យ​ចំណូល​ថ្នាំជក់​ឆ្នាំ​២០០៤​។ លោក​វេជ្ជបណ្ឌិត​Dzulkefly​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​អនុវត្ដ​ពន្ធ​លើ​ការលក់​និង​សេវាកម្ម​នាពេល​ថ្មីៗ​នេះ នឹង​ធ្វើឲ្យ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​រួមទាំង​បារី​ត្រូវ​ឡើងថ្លៃ​។ លោក​ថា​សមាជិកសភា​ម្នាក់​ក្នុងចំណោម​មនុស្ស​៨​នាក់ ទើបតែ​ទទួលពិន័យ​ពី​ការជក់បារី​ក្នុង​អគារ​សភា ជា​ទីកន្លែង​ត្រូវ​ហាមឃាត់​។​

ក្រៅពី​ការដំឡើង​តម្លៃ​លក់​បារី​និង​ថ្នាំជក់​គ្រប់​ប្រភេទ លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​បានឲ្យដឹង​ដែរថា ម៉ាឡេស៊ី​នឹង​បង្កើន​អាយុ​អ្នកទិញ​គ្រឿង​ស្រវឹង​ផងដែរ តួយ៉ាង​មាន​ស្រា​ជាដើម​។ អ្នកមាន​អាយុ​២១​ឆ្នាំ​ទើប​អាច​ទិញ​គ្រឿង​ស្រវឹង​បាន ដែល​កន្លងមក​កំណត់​ត្រឹម​១៨​ឆ្នាំ​ប៉ុណ្ណោះ​។ អ្នកលក់​គ្រឿង​ស្រវឹង​នឹង​ត្រូវ​តម្រូវឲ្យ​បង្ហាញស្លា​ក​សញ្ញា ទទួលទាន​គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​សុខភាព​៕