ជីវិត និងកម្សាន្ត

នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ប្រកាស​​ប្រឆាំង​​ការស្រឡាញ់​​ភេទ​ដូចគ្នា​

ដោយ៖ ពេញ ផេង    28-09-2018 3:16 PM    635
នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ

នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ បានប្រកាស​ក្នុងពេល​ថ្មីៗ​នេះ​ថា ម៉ាឡេស៊ី​មិនអាច​ទទួលយក​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នក​ដែល​កែ​ភេទ​បានទេ​។ ការប្រកាស​បែបនេះ​ចន្លោះពេល​មាន​ការធ្វើ​ទុក​បុក​ម្នេញ បាន​កើតឡើង​ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា  នៅក្នុង​សហគមន៍​ដែលមាន​អ្នក​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​ក្នុងប្រទេស​ម៉ាឡេស៊ី​។ លោក​ម៉ា​ហា​ធៀ​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ម៉ាឡេស៊ី​មិនអាច​ទទួលយក​ករណី​នេះ​បានទេ ទោះបីជា​រឿងនេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ក៏ដោយ ពិសេស​គឺ​នៅ​តំបន់​លោកខាងលិច​។ ជារួម​ម៉ាឡេស៊ី​មិនអាច​ទទួលយកបាន​ដាច់ខាត អាពាហ៍ពិពាហ៍​រវាង​បុរស​និង​បុរស​ឬ​ស្ដ្រី​និង​ស្ដ្រី​។

​សូមបញ្ជាក់ថា ការស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​។ កាលពី​ខែ​មុន​បារ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ស្ថិតក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ ត្រូវបាន​សមត្ថកិច្ច​និង​មន្ដ្រី​សាសនា​ចុះទៅ​បង្ក្រាប ខណៈដែល​ស្ដ្រី​កែ​ភេទ​ម្នាក់​ត្រូវ​មនុស្ស​មួយក្រុម​វាយ​ធ្វើបាប​។ ក្នុង​ខែ​នេះ​ស្ដ្រី​ពី​រនាក់​ត្រូវបាន​ហាមឃាត់​ផងដែរ ដោយសារ​ការស្រឡាញ់​ភេទ​ដូចគ្នា​៕