ជីវិត និងកម្សាន្ត

ការសិក្សា​៖​​មិនយូរ​ទេ​​ស្ដ្រី​ជនជាតិ​​កូរ៉េខាងត្បូង​​នឹងមាន​​អាយុ​វែង​​ជាងគេ​​ក្នុង​លោក​ អ្វី​ជា​អាថ៌កំបាំង​?

ដោយ៖ ពេញ ផេង    27-09-2018 12:03 PM    531
ស្ដ្រីជនជាតិកូរ៉េខាងត្បូង

​បើតាម​ការសិក្សា​ស្រាវជ្រាវ​បានឲ្យដឹងថា ស្ដ្រី​ដែល​កើត​នៅ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០៣០ ត្រូវគេ​ព្យាករណ៍​ថា​នឹងមាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក គឺជា​មធ្យម​អាចមាន​អាយុ​រហូតដល់​ជាង​៩០​ឆ្នាំ​។ ការសិក្សា​ស្រាវជ្រាវ​របស់​Imperial College London និង​អង្គការ​សុខភាព​ពិភពលោក​(WHO) ចេញផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ​Lancet បាន​ប៉ាន់ប្រមាណ​ថា នៅមាន​ប្រទេស​៦​ទៀត​ក្នុងចំណោម​ប្រទេស​៣៥​ដែល​បាន​សិក្សា អាយុ​រំពឹង​រស់​របស់​ប្រជាជន​ជា​ស្ដ្រី នឹង​បន្ដ​កើនឡើង​កាន់តែ​ខ្ពស់ ដេញ​ពីក្រោយ​កូរ៉េខាងត្បូង​។ ក្នុងនោះ​មានដូចជា បារាំង ជប៉ុន អូស្ដ្រាលី កាណាដា ឈី​លី និង​អង់គ្លេស ដែល​រំពឹងថា​អាចរ​ស់បាន​ដល់​អាយុ​៨៥​ឆ្នាំ​។

​តាម​ការសិក្សា​ឲ្យដឹងទៀតថា ស្ដ្រី​កូរ៉េខាងត្បូង​ដែល​កើត​នៅ​ឆ្នាំ​២០៣០ មាន​៥៧​ភាគរយ​សង្ឃឹមរ​ស់បាន​អាយុ​ចាប់ពី​៩០​ឆ្នាំ​ឡើង និង​ប្រហែល​៩៧​ភាគរយ​សង្ឃឹម​រស់​លើសពី​៨៦​ឆ្នាំ​។ ក្រុម​អ្នកស្រាវជ្រាវ​និយាយថា អាយុ​រំពឹង​រស់​ខ្ពស់​បែបនេះ ដោយសារ​ពួកគេ​ពុំមាន​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការឡើង​ទម្ងន់ និង​មាន​សម្ពាធ​ឈាម​ទាប​ជាង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ដែល​បាន​ប្រៀបធៀប​។

​កត្ដា​ផ្សេងទៀត​ដែល​ធ្វើឲ្យ​ពួកគេ​មាន​អាយុវែង ទាក់ទង​នឹង​របប​អាហារ​ដែល​បរិភោគ​ប្រចាំ​ថ្ងៃ មាន​បន្លែ ផ្លែឈើ  ជាទូទៅ​ស្ពៃក្ដោប ដែលមាន​វីតាមីន​A​និង​B​។ អាហារ​ដែលមាន​ប្រជាប្រិយភាព​បំផុត​មួយ​របស់​កូរ៉េខាងត្បូង គឺ​គីមឈី​ដែល​ធ្វើ​ពី​ស្ដៃក្ដោប​។ ក្រៅពីនេះ​មាន​ការអប់រំ​ល្អ​ទាក់ទង​នឹង​អាហារូបត្ថម្ភ ការរីកចម្រើន​ក្នុងស្ថានភាព​សេដ្ឋកិច្ច អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាប និង​ប្រព័ន្ធ​ថែទាំ​សុខភាព​មាន​គុណភាព​ខ្ពស់​៕