ជីវិត និងកម្សាន្ត

បុរស​អ្នកនេសាទ​​ឥណ្ឌូនេស៊ី​ម្នាក់​​បាត់​ខ្លួន​​នៅ​សមុទ្រ​​៤៩​ថ្ងៃ តែ​រកឃើញ​​នៅ​មានជីវិត​

ដោយ៖ ពេញ ផេង    26-09-2018 11:00 AM    740
រូបភាព​បុរស​​ដែលបាត់ខ្លួន​​​នៅសមុទ្រ

​បុរស​ជា​អ្នកនេសាទ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​រយៈពេល​៤៩​ថ្ងៃ ទើប​ត្រូវគេ​ជួយ​សង្គ្រោះបាន​។ បុរសរងគ្រោះ​មាន​អាយុ​១៨​ឆ្នាំមាន​ឈ្មោះថា​Aldi Novel Adilang  រូបគេ​ជា​កម្មករ​នេសាទ​ត្រី​ឲ្យ​ក្រុម​ហ៊ុនមួយ​របស់​ឥណ្ឌូនេស៊ី​។

​មុន​ថ្ងៃ​បាត់​ខ្លួន​រូបគេ​ស្ថិតនៅលើ​ទូក​នេសាទ​ម្យ៉ាង​ស្រដៀង​នឹង​ក្បូន ដែល​នៅលើ​ទូក​មាន​កូនខ្ទម​មួយ​សម្រាប់​ស្នាក់នៅ​។ នៅលើ​ទូក​ក៏មាន​ឧបករណ៍​សម្រាប់​ចាប់​ត្រី​ផងដែរ គឺ​រូបគេ​បាន​ដុត​ចង្កៀង​នៅលើ​ទូកឲ្យ​ភ្លឺ​ដើម្បី​ចាប់ត្រី​។ នេះ​គឺជា​របៀប​នេសាទ​ម្យ៉ាង​របស់​ប្រជាជន​នៅ​ឥណ្ឌូនេស៊ី​។ ទូក​ឈើ​របស់គេ​គ្មាន​ម៉ាស៊ីន​ទេ គេ​ប្រើ​ខ្សែពួរ​ដើម្បី​ចង​ទូក​ភ្ជាប់​នឹង​បង្កោលបោះ​នៅ​បាតសមុទ្រ​ដើម្បី​កុំឲ្យ​រសាត់​ទៅ​ឆ្ងាយ​។ ប៉ុន្ដែ​នៅ​ថ្ងៃកើតហេតុ​ដោយសារ​មាន​ខ្យល់​ខ្លាំងពេក ទើប​ធ្វើឲ្យ​ខ្សែពួ​រដែល​ចង​ទូកដាច់ ហើយ​ទូក​របស់គេ​ក៏​រសាត់​ទៅ​ចម្ងាយ​ប្រមាណ​ជិត​២​ពាន់​គីឡូម៉ែត្រ​ពី​គោលដៅ​។

Adilang អាចរ​ស់បាន​៤៩​ថ្ងៃ​ដោយសារ​ចាប់​ត្រី​ដុត​បរិភោគ ហើយ​គេ​បាន​យក​អាវ​ជ្រលក់​ក្នុង​ទឹកសមុទ្រ រួច​ក៏​ពូត​អាវ​សម្រក់​យក​ទឹក​ផឹក​។ Adilang​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​នាវា​មាន​ទង់ជាតិ​ប្រទេស​ប៉ា​ណា​ម៉ា កាលពី​ថ្ងៃទី​៣១​ខែសីហា​នៅក្បែ​រកោះ​Guam ក្រោយ​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​១៤​កក្កដា​។ ក្រោយ​ជួយ​ចេញពី​សមុទ្រ​Adilang​ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​នាវា​ដែល​ទៅ​ចត​នៅ​ទីនោះ ហើយ​អាជ្ញាធរ​ជប៉ុន​បាន​ទាក់ទង​ទៅ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ជប៉ុន ឲ្យមក​ទទួល​Adilang​ត្រឡប់​ទៅ​ឥណ្ឌូនេស៊ី​វិញ​។ Adilang​ត្រូវបាន​គ្រូពេទ្យ​ជប៉ុន​ពិនិត្យ​សុខភាព​ផងដែរ ហើយ​រូបគេ​មាន​សុខភាព​ធម្មតា​នៅពេល​ត្រឡប់មក​ដល់ផ្ទះ​កាលពី​ថ្ងៃទី​០៨​កញ្ញា​នេះ​៕