ជីវិត និងកម្សាន្ត

មហាសេដ្ឋី​​ជនជាតិ​​ជប៉ុន​​នឹង​ក្លាយជា​​អ្នកទេសចរ​​ដំបូង​គេ​​ដែល​ត្រូវ​​ឡើងទៅ​​ភព​ព្រះ​ចន្ទ​

ដោយ៖ ពេញ ផេង    19-09-2018 3:07 PM    391
លោក​Yusaku Maezawa

​មហាសេដ្ឋី​ជនជាតិ​ជប៉ុន​ដែលជា​អ្នកជំនួញ​ល្បីឈ្មោះ​មួយរូប ឈ្មោះ​លោក​Yusaku Maezawa បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​នឹង​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​ចន្ទ ក្នុងនាម​ជា​អ្នកទេសចរ​។ លោក​បាន​និយាយថា លោក​សម្រេចចិត្ដ​ធ្វើបែបនេះ ក្រោយ​មាន​ការណែនាំ​ដោយផ្ទាល់​ពី​នាយក​ក្រុមហ៊ុន​SpaceX លោក​Elon Musk​។

​លោក​Maezawa​ដែលមាន​អាយុ​៤២​ឆ្នាំ នឹង​ធ្វើដំណើរ​ជុំវិញ​ភព​ព្រះ​ចន្ទ ដោយ​ជិះ​យាន​អវកាស​Big Falcon Rocket (BFR) របស់​ក្រុមហ៊ុន​SpaceX​នៅ​ឆ្នាំ​២០២៣​។ លោក​Elon Musk​ជា​នាយក​ក្រុមហ៊ុន​SpaceX​បាន​និយាយថា លោក​ចង់ឲ្យ​យានអវ​កាសនេះ​ត្រៀមលក្ខណៈ​ទុកជាមុន សម្រាប់​ការហោះហើរ​ទៅកាន់​ភព​ព្រះ​អង្គារ​ដោយ​គ្មាន​អាកាសយានិក​នៅ​ឆ្នាំ​២០២២ និង​ហោះហើរ​ដោយមាន​អាកាសយានិក​ក្នុង​ឆ្នាំ​២០២៤​។

ដោយឡែក​ចំពោះ​ទឹកប្រាក់​ដែល​មហាសេដ្ឋី​ជប៉ុន​លោក​Yusaku Maezawa ត្រូវ​ចំណាយ​សម្រាប់​ការហោះហើរ​ទៅកាន់​ភព​ព្រះ​ចន្ទ ពុំមាន​ការបង្ហាញ​ឲ្យដឹង​ទេ​។ គួរ​ជម្រាបជូន​ថា យោងតាម​ទស្សនាវដ្ដី Forbes លោក​Maezawa​ជា​អ្នកមាន​បំផុត​ទី​១៨​នៅក្នុង​ប្រទេស​ជប៉ុន ដោយ​លោក​មាន​ទ្រព្យសម្បត្ដិ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​៕