ជីវិត និងកម្សាន្ត

អាជ្ញាធរ​ក្រុង​ហាណូយ​​ចេញ​ការព្រមាន​​ឲ្យ​ប្រជាជន​​ឈប់​បរិភោគ​​សាច់​ឆ្កែ​

ដោយ៖ ពេញ ផេង    12-09-2018 8:27 AM    1389
រូបភាពសាច់សត្វឆ្កែ​ដែលដាក់លក់​នៅក្នុងទីក្រុងហាណូយ

​មន្ដ្រី​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម បាន​ជំរុញ​ឲ្យ​ប្រជាជន​ឈប់​បរិភោគ​សាច់​ឆ្កែ ដោយ​អះអាងថា​ម្ហូប​ដ៏​ពេញនិយម​នេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សោភ័ណភាព​ក្នុង​ទីក្រុង និង​អាចធ្វើឲ្យ​រីករា​លដាល​នៃ​ជំងឺ​ឆ្កែ​ឆ្កួត​។ សាច់​ឆ្កែ​អាំង ស្ងោរ​ឬ​ចំហុយ បាន​ដាក់លក់​នៅតាម​ហា​ង​លក់​ម្ហូបអាហារ​ជាច្រើន​ទូទាំង​ទីក្រុង​ហាណូយ ហើយក៏​មាន​នៅតាម​តូប​អាហារ​តាម​ចិញ្ចើមថ្នល់​ផងដែរ ដែល​ជាធម្មតា​សាច់​សុនក​អាច​បរិភោគ​ជាមួយ​បាយ ស្រា ឬក៏​ស្រា​បៀ​បាន​។​

​គណៈកម្មាធិការ​ប្រជាជន​ក្នុង​ក្រុង​ហាណូយ បានចេញ​ការព្រមាន​ដល់​ប្រជាជន​កាលពី​ថ្ងៃ​អង្គារ ឲ្យ​ពួកគេ​ឈប់​បរិភោគ​សា​ច់នេះ​តទៅទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ផ្សេងៗ​ទៀត​។ គណៈកម្មាធិការ​ក៏​ជំរុញ​ឲ្យ​ប្រជាជន​ឈប់​បរិភោគ​សាច់​ឆ្មា​ផងដែរ ដែលមាន​ការពេញនិយម​នៅតាម​តំបន់​ជនបទ ទោះ​មិនមាន​ចំនួន​ច្រើន​ដូច​សាច់​ឆ្កែ​។ 

​គណៈកម្មាធិការ​បាន​សង្កត់ធ្ងន់ថា ការថែរក្សា​កេរ្ដិ៍ឈ្មោះ​ទីក្រុង​ហាណូយ ជា​រដ្ឋធានី​ស៊ីវិល័យ​និង​សម័យ​ទំនើប​ជារឿង​សំខាន់ ព្រោះ​មាន​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​អាច​គិតថា​ការបរិភោគ​សាច់​ឆ្កែ​ជា​រឿង​មិនល្អ ដោយសារ​ពួកគេ​ចាត់ទុកជា​សត្វ​ចិញ្ចឹម​គួរឲ្យ​ស្រឡាញ់​។ ការទិញ​ដូរ​និង​ការសម្លាប់​សត្វ​ឆ្កែ​សត្វ​ឆ្មា បាន​នាំឲ្យមាន​ប្រតិកម្ម​ពី​ជន​ជាតិចិន និង​ជនបរទេស​ដែល​រស់នៅក្នុង​ទីក្រុង​ហាណូយ​ផងដែរ​។ 

​សូមបញ្ជាក់ថា តាម​តួលេខ​របស់​មន្ដ្រី​អាជ្ញាធរ​បានឲ្យដឹងថា មាន​មនុស្ស​បីនាក់​ហើយ​នៅក្នុង​ទីក្រុង​ហាណូយ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​គិតពី​ដើមឆ្នាំ​២០១៨ និង​មាន​មនុស្ស​ពីរ​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ​។ ដោយឡែក​បើ​គិតពី​ហាង​លក់​សាច់សត្វ​វិញ នៅក្នុង​ទីក្រុង​ហាណូយ​មាន​ប្រមាណ​ជា​១​ពាន់​ហាង​៕