ជីវិត និងកម្សាន្ត

លោក​Jack Ma​​នឹង​ចូលនិវត្ដន៍​​ជា​ផ្លូវការ​​ឆ្នាំ​២០១៩ ហើយ​​នាយក​ក្រុមហ៊ុន​ថ្មី​​គឺ​លោក​Daniel Zhang

ដោយ៖ ពេញ ផេង    10-09-2018 10:24 AM    489
លោក​Jack Ma(ឆ្វេង)និងលោកDaniel ​Zhan

​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​Alibaba Group​បានឲ្យដឹងថា ជា​ប្រធាន​និង​ស្ថាបនិក​ក្រុមហ៊ុន​លោក​Jack Ma នឹង​ចុះ​ចេញពី​តំណែង​នៅ​ឆ្នាំក្រោយ គឺ​នៅ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​។ បន្ទាប់ពី​លោក​Ma​ចុះ​ចេញពី​តំណែង លោកDaniel ​Zhang​នឹង​ធ្វើជា​ប្រធាន​ក្រុមហ៊ុន​ជំនួស​។ លោក​Ma​ដែលមាន​អាយុ​៥៤​ឆ្នាំ​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ បានចេញ​លិខិត​មួយច្បាប់​និយាយថា លោក​នឹង​បន្ដ​ស្ថិត​ជា​ប្រធាន​ក្រុមហ៊ុន​១២​ខែ​ទៀត ដើម្បី​ធានាថា​ការផ្ទេរ​តំណែង​ប្រព្រឹត្ដទៅដោយ​រលូន​។ ខណៈ​សល់​ពេល​មួយឆ្នាំ​ទៀត​ជា​ប្រធាន​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​Alibaba Group លោក​នឹង​ធ្វើការ​ឲ្យបាន​ជិតស្និទ្ធ​ជា​មួយលោក​Daniel ដើម្បីឲ្យ​ការផ្ទេរដំណែង​ដំណើរការដោយ​រលូន​។​

​សូម​រម្លឹកថា លោក​Jack Ma​បាន​បង្កើត​ក្រុមហ៊ុន​Alibaba Group​ក្នុង​ឆ្នាំ​១៩៩៩​។ ក្រុមហ៊ុន​របស់លោក​ទ​ទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយ​មានតម្លៃ​ភាគហ៊ុន​ជាង​៤២០​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ បើ​គិតពី​ទ្រព្យសម្បត្ដិ​របស់លោក​Ma​វិញ មាន​ប្រមាណ​ជាង​៣៦​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ការវាយតម្លៃ​របស់​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក​Forbes​។​

​នៅពេល​ចូលនិវត្ដន៍​ពី​វិស័យ​ជំនួញ មហា​សេដ្ឋកិច្ច​ចិន​រូបនេះ​នឹង​វិល​ទៅរក​អាជីព​ចាស់ គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ព្រោះ​លោក​ធ្លាប់​បញ្ចប់​ការសិក្សា​ផ្នែក​ភាសា​អង់គ្លេស​។ លោក​ធ្លាប់​និយាយថា លោក​ចង់​ចំណាយពេល​នៅ​សេសសល់​ផ្ដោតលើ​វិស័យ​អប់រំ​៕