ជីវិត និងកម្សាន្ត

អ្នកជំនួញ​ល្បីឈ្មោះ​​ចិន​​លោក​Jack Ma​​ប្រកាស​​នឹង​ចូលនិវត្ដន៍​​នៅ​ថ្ងៃទី​​១០​កញ្ញា​

ដោយ៖ ពេញ ផេង    08-09-2018 9:43 AM    750
​ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​Alibaba​លោក​Jack Ma

​ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​Alibaba​លោក​Jack Ma បានប្រកាសថា​លោក​នឹង​ចាកចេញ​ពី​ក្រុមហ៊ុន​មួយ​នេះ​នៅ​ថ្ងៃទី​១០​កញ្ញា ដើម្បី​ប្រើ​ពេលដែល​នៅសល់​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ​វិញ​។ លោក Ma​ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ មុនពេល​លោក​ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​Alibaba​ក្នុង​ឆ្នាំ​១៩៩៩​។ លោក​Ma​បាន​ប្រាប់​កាសែត​The New York Times​ថា លោក​គ្រោង​នឹង​ចុះ​ចេញពី​ក្រុមហ៊ុន ដែល​សំដៅលើ​ការចូលនិវត្ដន៍​របស់​លោក គឺជា​ការចាប់ផ្ដើម​សករាជ​ថ្មី​មួយ ប្រសើរ​ជាង​និយាយថា​ជា​ការបិទ​បញ្ចប់​។ 

​លោក​Ma​នឹងមាន​អាយុ​៥៤​ឆ្នាំ​គិត​ត្រឹម​ថ្ងៃទី​១០​កញ្ញា ហើយក៏​ជា​ពេល​លោក​ចូលនិវត្ដន៍​ពី​វិស័យ​ជំនួញ​ដែរ​។ លោក​បាន​បោះបង់ចោល​ការងារ​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ បន្ទាប់ពី​លោក​បើក​ក្រុមហ៊ុន​លក់ទំនិញ​តាម​អ៊ី​ន​ធឺ​ណេត​Alibaba​។ ដោយ​ទឹកចិត្ដ​ស្រឡាញ់​វិស័យ​អប់រំ ដូច្នេះហើយ​ទើប​លោក​ចង់​ប្រើ​ពេលវេលា​នៅសល់ វិល​ទៅរក​ជំនាញ​ចាស់​វិញ ព្រោះ​លោក​ក៏​ធ្លាប់​បញ្ចប់​ការសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ផងដែរ​។​

​សូមបញ្ជាក់ថា នៅពេល​ចូលនិវត្ដន៍​លោក​Jack Ma ក៏​ស្ថិតក្នុង​ចំណោម​អ្នកមាន​បំផុត​មួយរូប​នៅ​ចិន​។ ទ្រព្យសម្បត្ដិ​របស់លោក​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ភាគហ៊ុន​ក្រុមហ៊ុន​កើនឡើង​។ គិត​ត្រឹម​ថ្ងៃទី​០៧​កញ្ញា​ភាគហ៊ុន​ក្រុមហ៊ុន​របស់លោក​មានតម្លៃ​ជាង​៤២០​ពាន់​លាន​ដុល្លារ​អាមេរិក​។ បើ​គិតពី​ទ្រព្យសម្បត្ដិ​របស់លោក​ផ្ទាល់ មាន​ប្រមាណ​ជាង​៣៦​ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ការវាយតម្លៃ​របស់​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក​Forbes៕