ជីវិត និងកម្សាន្ត

តារាចម្រៀង​​កូរ៉េខាងត្បូង​​CL​​លុបចោល​​កម្មវិធី​​សំខាន់ៗ​​របស់​​Hyperplay​​នៅ​សិង្ហ​បុរី​

ដោយ៖ ពេញ ផេង    04-08-2018 11:29 AM    2262
រូបភាព​​តារាចម្រៀង​​​​កូរ៉េខាងត្បូង​កញ្ញាCL

​តារាចម្រៀង​កូរ៉េខាងត្បូង​CL បាន​លុបចោល​រាល់​កម្មវិធី​ទាំងអស់​ទាក់ទង​នឹង​ព្រឹត្ដិការណ៍​Hyperplay គ្រោង​រៀបចំឡើង​ក្នុង​សប្ដាហ៍​នេះ​នៅ​Indoor Stadium ក្នុងប្រទេស​សិង្ហ​បុរី​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នករៀបចំ​កម្មវិធី​កាលពី​ថ្ងៃ​សុក្រ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ តំណាង​របស់ Hyperplay​បាន​និយាយថា តារាចម្រៀង​ស្រី​កូរ៉េខាងត្បូង​វ័យ​២៧​ឆ្នាំ​រូបនេះ មាន​អា​ការៈមិន​សូវ​ស្រួល​ផ្នែក​សុខភាព ដូច្នេះហើយ​ទើប​សម្រេច​លុប​ចោលការ​ចូលរួម​កម្ម​វី​ធី​សំខាន់ៗ ប៉ុន្ដែ​នាង​នឹង​នៅតែ​ចូលរួម​ការសម្ដែង​នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ 

​សេចក្ដីថ្លែងការណ៍​ឲ្យដឹងទៀតថា “​អ្នកគ្រប់គ្រង​របស់​នា​ង​បាន​ផ្ញើ​សារ​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង នៅពេល​សុំ​លុបចោល​ការចូលរួម​ទាំង​អស់​ជុំវិញ​ព្រឹត្ដិការណ៍​Hyperplay​។ មូលហេតុ​ដើម្បីឲ្យ​នាង​សម្រាកបាន​គ្រប់គ្រាន់ មុន​ការសម្ដែង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។ ដូច្នេះហើយ​ទើប​នាង​ចាំបាច់​ត្រូវ​លុបចោល​កម្មវិធី​សំខាន់ៗ ដូចជា​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការជួប​សំណេះសំណាល​លក្ខណៈ​ឯកជន និង​កម្មវិធី​ស្វាគមន៍​អ្នក​គា​ទ្រ​ជាដើម​។​

​សូមបញ្ជាក់ថា នាង​CL​ដែល​មានឈ្មោះ​ពិត​ថា​Lee Chae-rin បានបង្ហាញ​វត្ដ​មាននៅ​អាកាសយានដ្ឋាន​Incheon​កាលពី​រសៀល​ថ្ងៃ​សុក្រ មុន​ឡើង​យន្ដហោះ​ទៅ​ប្រទេស​សិង្ហ​បុរី​។ តាម​វីដេអូ​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេត ឃើញ​វត្ដ​មាន​អតីត​សមាជិក​ក្រុម​2NE1​រូបនេះ​ដើរ​ឆ្លងកាត់​សាល​កំសាន្ដ ហើយ​បណ្ដាញសារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ថា​នាង​បាន​ឡើង​ទម្ងន់​យ៉ាងខ្លាំង ធ្វើឲ្យមាន​ការព្រួយបារម្ភ​ពី​អ្នកគាំទ្រ​នៅលើ​បណ្ដាញ​សង្គម​ផងដែរ​៕