ជីវិត និងកម្សាន្ត

ឥណ្ឌា​​កំពុង​ពិចារ​ណា​​កាត់ទោស​​ប្រហារជីវិត​​ករណី​​រំលោភ​ផ្លូវភេទ​​លើ​កុមារ​

ដោយ៖ ពេញ ផេង    21-04-2018 9:37 AM    3285
ក្រុមសិស្សសាលា​បង្ហាញ​ពីក្ដីព្រួយបារម្ភជុំវិញ​ការរំលោភបំពានលើក្មេងស្រី

​រដ្ឋាភិបាល​ឥណ្ឌា​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កំពុង​ពិចារណា​លើ​ការកាត់ទោស​ប្រហារជីវិត ចំពោះ​ជន​ដែល​រំលោភ​ក្មេងស្រី​។ ការចង់ឲ្យ​ប្រើ​ទោស​ប្រហារជីវិត​នេះ បន្ទាប់ពី​មាន​កំហឹង​ផ្ទុះឡើង​ទូទាំងប្រទេស ជុំវិញ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​។ មាន​ក្រុមបាតុករ​នៅ​ទូទាំងប្រទេស ស្នើឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​លើ​ករណី​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​។ 

​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រាប់​ទៅ​តុលាកា​រថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ការពារ​កុមារ​ពី​បទល្មើស​ផ្លូវភេទ ដើម្បី​អាច​ប្រើ​ទោស​ប្រហារជីវិត​បាន កំពុង​ស្ថិតក្រោម​ការយ​ក​ចិត្ដទុកដា​ក់​យ៉ាងខ្លាំង​ពី​ក្រសួង​ពាក់ព័ន្ធ​។ ក្រសួង​ពាក់ព័ន្ធ​ក៏​បានស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ការ​ពារ​កុមារ​ពី​បទល្មើស​ផ្លូវភេទ ដើម្បី​អាច​ប្រើ​ទោស​ប្រហារជីវិត​លើ​ការរំលោភបំពាន​ផ្លូវភេទ​ធ្ងន់ធ្ងរ​លើ​កុមារ​។​

​សូមបញ្ជាក់ថា ឥណ្ឌា​គឺជា​ប្រទេសមួយ​ដែល​តែង​កើតមាន​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​។ ដោយឡែក​សម្រាប់​ទោស​ប្រហារជីវិត​វិញ ឥណ្ឌា​បាន​រក្សាទុក​សម្រាប់តែ​ករណី​ណា​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ដូចជា​ឃាតកម្ម​ឃោ​ឃៅឬ​ការវាយប្រហារ​ភេរវកម្ម​ជាដើម​៕