ប៉ូលិសឥណ្ឌាបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលរក្សាសាកសពម្ដាយរបស់គេនៅក្នុងទូរទឹកកកអស់រយៈពេលបីឆ្នាំ។ ជនសង្ស័យ Subhabrata Majumdar បានរក្សាទុកសាកសពយ៉ាងមានសុវត្ថិភាពបំផុត ដោយប្រើប្រាស់សារធាតុគីមីហើយក្លាហ្សេក្នុងទូរទឹកកក។ ប៉ូលិសបានបន្ថែមថា បានចូលឆែកឆេរក្នុងផ្ទះជនសង្ស័យ ហើយក៏បានឃើញសាកសពស្ដ្រីម្នាក់នៅក្នុងទូរទឹកកកធំមួយ។ សាកសពនោះត្រូវបានរក្សាទុកដោយប្រើសារធាតុគីមីផងដែរ។ ក្រៅពីនេះប៉ូលិសបានរកឃើញពាងដែលមានផ្ទុកផ្នែកផ្សេងៗទៀតនៃរាងកាយ។
បើតាមរបាយការណ៍ម្ដាយរបស់ Majumdar បានស្លាប់តាំងពីខែមេសាឆ្នាំ២០១៥ម្ល៉េះ ហើយក្រុមគ្រួសារសម្រេចមិនបូជាសពឡើយ ផ្ទុយទៅវិញបានរក្សាសាកសពនៅក្នុងទូរទឹកកក។ ទាំងឪពុកនិងម្ដាយរបស់Majumdarសុទ្ធតែបានចូលនិវត្ដន៍អស់ហើយ និងទទួលបានប្រាក់សោធននិវត្ដន៍ជារៀងរាល់ខែ ប៉ុន្ដែប្រសិនបើមាននរណាម្នាក់ស្លាប់ ប្រាក់នោះនឹងមិនអាចដកបានឡើយ។ នេះបើតាមការបញ្ជាក់ពីប៉ូលិស។ យ៉ាងណាមិញប៉ូលិសកំពុងស៊ើបអង្កេតរកការពិត ថាតើជនសង្ស័យរូបនេះរក្សាទុកសាកសពម្ដាយ គ្រាន់ដើម្បីអាចទទួលបានប្រាក់សោធនឬក៏យ៉ាងណា៕