ជីវិត និងកម្សាន្ត

បុរស​ជនជាតិ​ចិន​​ម្នាក់​​ស្វែងរក​កូនស្រី​​២៤​ឆ្នាំ​​ទើប​ជួបគ្នា​

ដោយ៖ Vayofm Teams    04-04-2018 4:27 PM    2453
រូបភាព​ពេល​ជួប​ជុំ​គ្រួសារ

​អ្នកបើក​តាក់ស៊ី​ម្នាក់​នៅក្នុង​ប្រទេស​ចិន ដែល​ចំណាយពេល​២៤​ឆ្នាំ​ស្វែងរក​កូនស្រី​របស់លោក បន្ទាប់ពី​នាង​បាន​បាត់​ខ្លួន​កាលពី​អាយុ​៣​ឆ្នាំ បាន​ជួបជុំគ្នា​វិញ​ហើយ​កាលពី​ថ្ងៃទី​០៣​មេសា​។ នេះ​បើតាម​ការចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។ លោក​Wang Mingqing​និង​ភរិយា​កាលពី​ឆ្នាំ​១៩៩៤​គឺជា​អ្នកលក់​ផ្លែឈើ​។ នៅពេលនោះ​ហើយ​ដែល​កូនស្រី​របស់លោក​ឈ្មោ​Qifeng​បាន​បាត់​ខ្លួន​។ នាង​បាត់​ខ្លួន​នៅពេល​លោក​Wang Mingqing ទៅ​ដូរ​លុយ​អាប់​ឲ្យ​ភ្ញៀវ​នៅ​តូប​ជិតខាង ប៉ុន្ដែ​ក្រោយ​ត្រឡប់មកវិញ​ស្រាប់តែ​បាត់​កូនស្រី​តែម្ដង​។

​បន្ទាប់ពីនោះ​លោក​បាន​ធ្វើជា​អ្នកបើក​តាក់ស៊ី ដើម្បី​ស៊ើបរក​កូនស្រី ហើយ​សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​ដឹក​ចំ​កូនស្រី​ខ្លួនឯង​ក៏​ថា​បាន​។ លោក​បាន​ចែក​នាមប័ណ្ណ​ដល់​ភ្ញៀវ បើសិន​បានឃើញ​កូនស្រី​របស់លោក​សុំឲ្យ​ពួកគេ​ជួយ​ទាក់ទងម​កលោក​។ កាសែត​ចិន​ក៏បាន​ចុះផ្សាយ​រឿងរ៉ាវ​របស់លោក​Wang ទីបំផុត​រឿងនេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ទូរទស្សន៍​ជាតិចិន​។ រូបភាព​កូនស្រី​របស់​លោក​ក៏បាន​បង្ហោះ​តាម​អន​ឡាញ​ផងដែរ​។

​ក្រោយមកទៀត​មាន​ស្ដ្រី​វ័យ​២៧​ឆ្នាំ​ម្នាក់​បាន​ទាក់ទង​មក​លោក Wang ដែល​នាង​មាន​រឿងរ៉ាវ​ស្រដៀង​គ្នា​នេះដែរ ហើយ​មាន​ស្នាមរបួស​តូច​មួយ​នៅលើ​ថ្ងាស ធ្វើឲ្យ​មានមន្ទិល​កាន់តែខ្លាំង​។ នាង​ក៏បាន​ទៅ​ធ្វើតេស្ដ​DNA​លទ្ធផល​ចេញមក​វិជ្ជមាន ទើប​ច្បាស់លាស់​ថា​នាង​គឺជា​កូនស្រី​របស់លោក​Wang​ឈ្មោះ​Qifeng​ពិតប្រាកដ​មែន​។ ក្រុមគ្រួសារ​ដែល​បែក​គ្នា​២៤​ឆ្នាំ បាន​ជួបជុំ​ជាមួយ​ក្ដីរំភើប​ឥតឧបមា​៕