ជីវិត និងកម្សាន្ត

ក្រុមហ៊ុន​ណូវែល​សេឡ​ង់​​មួយ​​សាកល្បង​​ឲ្យ​បុគ្គលិក​ធ្វើការ​តែ​បួន​ថ្ងៃ​​ក្នុង​មួយ​​សប្ដាហ៍​

ដោយ៖ ពេញ ផេង    09-02-2018 1:13 PM    705
ស្ដ្រីម្នាក់​កំពុង​​អង្គុយ​នៅកន្លែងធ្វើការ

​ក្រុមហ៊ុន​មួយ​របស់​ណូវែល​សេ​ឡង់​កំពុង​សាកល្បង​គំនិត​ផ្ដួចផ្ដើម​ថ្មី គឺ​ឲ្យ​បុគ្គលិកធ្វើការ​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្ដែ​នៅតែ​ទទួលបាន​ប្រាក់ខែ​គិត​ពេញ​៥​ថ្ងៃ​ដដែល​។ ការផ្លាស់ប្ដូរ​ជាមួយ​ទំនុកចិត្ដ​របស់​ក្រុមហ៊ុន Perpetual Guardian គឺជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​សម្រាប់​អាជីវកម្ម​ធំៗ នៅ​ណូវែល​សេ​ឡង់​។

​យោងតាម​របាយការណ៍​ពី​កាសែត​The Guardian បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី​០៩​កុម្ភៈ​នេះ​ថា ក្រុមហ៊ុន​ចង់​បង្កើត​កន្លែងធ្វើការ​ដែល​សមស្រប​សម្រាប់​គោលដៅ​សតវត្ស​ទី​២១​។ គោលនយោបាយ​រយៈពេល​៦​សប្ដាហ៍ ត្រូវបាន​ដាក់ឲ្យអនុវត្ដ​សម្រាប់​បុគ្គលិកជាង​២០០​នាក់ នៅក្នុង​ការិយាល័យ​ធ្វើការ​ចំនួន​១៦ នៅ​ទូទាំងប្រទេស​ណូវែល​សេ​ឡង់​។ និយោជិក​នឹងធ្វើ​ការតា​ម​ម៉ោង​ការងារ​ស្ដង់ដា​រយៈពេល​បួន​ថ្ងៃ​។ ប្រសិនបើ​មាន​ប្រសិទ្ធភាព គម្រោង​នេះ​នឹងត្រូវ​ប្រើប្រាស់​ទាំងស្រុង​នៅ​ខែកក្កដា​ខាងមុខ​។​

​ស្ថាបនិក​ក្រុមហ៊ុន Perpetual Guardian លោក Andrew Barnes បាន​ប្រាប់​កាសែត​The Guardian​ថា ដោយ​អនុញ្ញាតឲ្យ​និយោជិក​ទាំងអ​ស់មាន​ពេលវេលា​សម្រាប់​គ្រួសារ ការកម្សាន្ដ និង​ការថែទាំ​សុខភាព​សម្រាប់​ជីវិត​រស់នៅ​របស់គេ តាមរយៈ​ការបន្ថែម​ថ្ងៃ​ឈប់សម្រាក ដូច្នេះ​លោក​សង្ឃឹមថា​បុគ្គលិក​ទាំងអស់ នឹង​យកចិត្ដទុកដាក់​លើ​ការធ្វើការបួន​ថ្ងៃនៅ​ការិយាល័យ​។​

​សូមបញ្ជាក់ថា យោងតាម​អង្គការ​សហ​ប្រតិ​បត្ដិកា​រនិង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រជាជន​ណូវែល​សេឡ​ង់​ធ្វើការ​១,៧៥២​ម៉ោង​ក្នុង​មួយឆ្នាំ​គិត​ជា​មធ្យម​។ ប្រៀបធៀប​នៅ​អាល្លឺម៉ង់​គឺ​យ៉ាងតិចណាស់​១,៣៦៣​ម៉ោង​ក្នុង​មួយឆ្នាំ​គិត​ជា​មធ្យម ចំណែក​នៅ​ម៉ិក​ស៊ិក​រហូតដល់​២,២៥៥​ម៉ោង​ក្នុង​មួយឆ្នាំ​គិត​ជា​មធ្យម​៕