ជីវិត និងកម្សាន្ត

អវកាស​យានិក​​​ល្បីឈ្មោះ​​​របស់​អាមេរិក​​ទទួល​មរណភាព​​ក្នុង​វ័យ​៨៧​ឆ្នាំ​

ដោយ៖ ពេញ ផេង    07-01-2018 2:05 PM    878
​លោក​John Young

​អវកាសយានិក​អាមេរិក​លោក​John Young បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​សុក្រ​ក្នុង​វ័យ​៨៧​ឆ្នាំ ដោយសារ​ជំងឺ​រលាក​សួត​។​នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាជ្ញាធរ​កាលពី​ថ្ងៃ​សៅរ៍​។​លោក​John Young​មានបទពិសោធន៍​យ៉ាងច្រើន​ក្នុង​កិច្ចការ​ស្រាវជ្រាវ​ក្នុង​លំហ​អាកាស ដោយបាន​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​ចន្ទ​ពីរដង និង​បាន​ដើរ​លើ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​១៩៧២​។​លោក​ធ្លាប់ធ្វើ​បេសកកម្ម​លើ​យាន​អវកាស​Gemini, Apollo និង​កម្មវិធី​ហោះ​ទៅមក​ផ្សេងៗ​ទៀត​ជាច្រើន​។​លោក​Young​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​បំពេញបេសកកម្ម ក្នុង​កម្មវិធី​លំហរ​អាកាស​របស់​អង្គការ​ណា​សា​ចំនួន​បី​លើក​។​

​ប្រធាន​ទីភ្នាក់ងារ​អវកាស​អាមេរិក​”​ណា​សា​” លោក​Robert Lightfoot​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ពេលនេះ​ណា​សា​និង​ពិភពលោក​ទាំងមូល​បាន​បាត់បង់​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​លំហ​អាកាស​ម្នាក់​ហើយ​។​លោក​Lightfoot​ថា លោក​John​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​មួយរូប​ក្នុងចំណោម​ក្រុម​អវកាស​មុនៗ ដែលមាន​ភាពក្លាហាន​និង​បាន​ប្ដេជ្ញា​ជំរុញឲ្យមាន​លទ្ធផលដ៏​អស្ចារ្យ​លើកដំបូង​សម្រាប់​អាមេរិក​។​

លោកYoung(ស្ដាំ)​ពេលបំពេញបេសកកម្មកន្លងមក

​កើត​នៅ​San Francisco​ក្នុង​ឆ្នាំ​១៩៣០ លោក​Young​បានទទួល​សញ្ញាប័ត្រ​ផ្នែក​វិស្វកម្ម​យានអវកាស​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Georgia ហើយ​ក្រោយមក​បាន​បម្រើ​ការងារ​នៅ​កងទ័ពជើងទឹក​អាមេរិក ក្នុងនាម​ជា​អ្នកបើកបរ​នាវា​សាកល្បង​។​លោក​បាន​ចាប់យក​ការងារ​ជា​អវកាសយានិក​ក្នុង​ឆ្នាំ​១៩៦២ ហើយ​បាន​ហោះហើរ​ទៅក្នុង​លំហ​អាកាស​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៥​។​លោក​បាន​ចូលនិវត្ដន៍​ក្នុង​ឆ្នាំ​២០០៤ បន្ទាប់ពី​បម្រើ​ការងារ​៤២​ឆ្នាំ​ក្នុង​ទីភ្នាក់ងារ​អវកាស​អាមេរិក​៕