ជីវិត និងកម្សាន្ត

វេជ្ជបណ្ឌិត​​ជន​ជាតិចិន​​ម្នាក់​​​​​ស្លាប់​​ក្រោយ​ធ្វើការ​​មិន​សម្រាក​​១៨​ម៉ោង​

ដោយ៖ ពេញ ផេង    03-01-2018 3:43 PM    4289
រូបថតអ្នកស្រីវេជ្ជបណ្ឌិត​​Zhao Bianxiang

​វេជ្ជបណ្ឌិត​ជន​ជាតិចិន​ម្នាក់​អាយុ​៤៣​ឆ្នាំ ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារតែ​ដាច់​សរសៃឈាម​ខួរក្បាល បន្ទាប់ពី​ធ្វើ​ការមិន​ឈប់​រយៈពេល​១៨​ម៉ោង​។​វេជ្ជបណ្ឌិត​Zhao Bianxiang​ដែលជា​អនុប្រធាននាយកដ្ឋាន​ថែទាំ​ផ្លូវដង្ហើម​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង Jinzhong​នៃ​ខេត្ដ Shanxi​ប្រទេស​ចិន បាន​ដួលសន្លប់​នៅមុខ​អ្នកជំងឺ​ម្នាក់​។​

ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះអ្នកស្រីវេជ្ជបណ្ឌិត

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Shanxi Evening អ្នកស្រី​វេជ្ជបណ្ឌិត Zhao​បានចាប់ផ្ដើម​ធ្វើការ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨​ធ្នូ​ឆ្នាំ​២០១៧ រហូតដល់​ពេល​ថ្ងៃត្រង់​ថ្ងៃទី​២៩​ខែ​ឆ្នាំ​ដដែល ដោយ​អ្នកស្រី​មិនបាន​សម្រាក​ទេ​។​របាយការណ៍​បាន​បញ្ជាក់ថា​មុននឹង​ដួលសន្លប់ អ្នកស្រី​វេជ្ជបណ្ឌិត​កំពុង​ពិនិត្យមើល​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់​។​ពាក្យ​ចុងក្រោយ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​គឺ​បាន​សួរ​ទៅ​កូនស្រី​អ្នកជំងឺ​ថា “​តើ​ម្ដាយ​របស់​អ្នក​យ៉ាងម៉េច​ហើយ​?”

​អ្នកស្រី​Zhao​ត្រូវបាន​ប្រកាសថា​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​៣០​ធ្នូ បន្ទាប់ពី​ការប្រឹងប្រែង​ជួយសង្គ្រោះ​អស់​រយៈពេល​២០​ម៉ោង​តែ​ត្រូវ​បរាជ័យ​។​អ្នកស្រី​គឺជា​គ្រូពេទ្យ​ដ៏​ល្អ​ម្នាក់ ហើយ​មិត្ដ​រួម​ការងារ​ម្នាក់បា​ននិយាយថា វេជ្ជបណ្ឌិត​រូបនេះ​ពិតជា​រវល់​ខ្លាំងពេក​រហូត​គ្មាន​ពេល​សម្រាក​៕