ជីវិត និងកម្សាន្ត

តារាចម្រៀង​ល្បីៗ​​កូរ៉េខាងត្បូង​​ទៅ​លា​​​លោក​Jonghyun​​ជា​លើក​ចុងក្រោយ​​ទាំង​ទឹកភ្នែក​

ដោយ៖ ពេញ ផេង    20-12-2017 2:06 PM    1243
លោក Kim Jonghyun

​បន្ទាប់ពី​ទទួលដំណឹង​មរណភាព​របស់​តារាចម្រៀង​នាំមុខ​នៃ​ក្រុម​ចម្រៀង​SHINee លោក Kim Jonghyun បាន​ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង មិន​ថា​អ្នកគាំទ្រ​មិន​ថា​អ្នកចម្រៀង​ដូចគ្នា​។​គ្រប់គ្នា​បានបង្ហាញ​ក្ដី​សោកសង្រេង ចំពោះ​ការបាត់បង់​កំពូល​តារាចម្រៀង​វ័យ​២៧​ឆ្នាំ​រូបនេះ​។​ក្រុម​ចម្រៀង​ល្បីៗ​របស់​កូរ៉េខាងត្បូង​ដូចជា​Girls' Generation ក្រុម​BTS និង​EXO​ជាដើម បាន​ទៅ​លា​លោក Kim Jonghyun​ដល់​មន្ទីរពេទ្យ​ទាំង​ទឹកភ្នែក​។​

​លោក​Jonghyun​ត្រូវបាន​បងស្រី​ប្រទះឃើញ​សន្លប់​នៅក្នុង​ផ្ទះ​របស់លោក​នៅ​Gangnam នា​ម៉ោង​ប្រមាណ​៦​ល្ងាច​។​ភ្លាមៗ​លោក​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ជា​អកុសល​ក្រុមគ្រូពេទ្យ​មិនអាច​ជួយ​បានទេ​។​ការស្លាប់​របស់លោក​ប៉ូលិស​រាយការណ៍​ថា ដោយសារ​ការធ្វើ​អត្ដ​ឃាត​។​លោក​ធ្លាប់មាន​បញ្ហា​ធ្លាក់ទឹក​ចិត្ដខ្លាំង​។​សារ​ចុងក្រោយ​ដែល​លោក​បាន​ផ្ញើ​ទៅ​បងស្រី​គឺ “​ខ្ញុំ​ពិតជា​ពិបាក​ខ្លាំងណាស់​ពេលនេះ​។​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផង ប្រាប់ថា​ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ទេ​។​នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​។​”

​សូមបញ្ជាក់ថា លោក​Jonghyun​បាន​បង្ហាញខ្លួន​ជា​មួយក្រុម​SHINee​ក្នុង​ឆ្នាំ​២០០៨​។​លោក​មិន​ត្រឹម​ជា​អ្នកចម្រៀង ជា​អ្នករាំ​នោះទេ លោក​ក៏​ជា​អ្នកសរសេរ​ចម្រៀង ហើយ​អាច​ច្រៀង​ទោល​បាន​យ៉ាង​ពិរោះ​ទៀតផង​។​ថ្មីៗ​នេះ​លោក​ទើបបាន​បង្ហាញខ្លួន​ក្នុង​ការប្រគុំ​តន្ដ្រី​មួយ​នៅ​ទីក្រុង​សេ​អ៊ួ​ល​៕

សូមទស្សនាវីដេអូ៖