ជីវិត និងកម្សាន្ត

វ៉ាក់សាំង​​បង្ការ​ជំងឺ​គ្រុនឈាម​​កំពុង​​បង្ក​ការភ័យខ្លាច​​នៅ​ហ្វីលីពីន​

ដោយ៖ ពេញ ផេង    07-12-2017 12:20 PM    902
វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម

​ការព្រួយបារម្ភ​កំពុង​កើតមានឡើង​នៅ​ក្នុងប្រទេស​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​បញ្ហា​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម ដែល​ក្រុមហ៊ុន​ឱសថ​និយាយថា វ៉ាក់សាំង​នេះ​អាច​បង្កឲ្យមាន​ជំងឺ​ធ្ងន់ធ្ងរ​។​រដ្ឋាភិបាល​ហ្វីលីពីន​បាន​នឹង​កំពុង​អនុវត្ដ​កម្មវិធី​ចាក់​វ៉ាក់សាំង នៅ​ទូទាំងប្រទេស​ចាប់តាំងពី​ឆ្នាំមុន​ម្ល៉េះ​។​មាន​សិស្សសាលា​ជាង​៧៣​ម៉ឺន​នាក់​បានទទួល​វ៉ាក់សាំង​ស្ថិតក្រោម​កម្មវិធី​ថ្មី ដែល​វា​ជា​ការចាក់​វ៉ាក់សាំង​បង្ការ​ទ្រង់ទ្រាយ​ធំ​បំផុត​ដំបូងបង្អស់​ប្រឆាំង​មូស​ខាំ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ស្ដីពី​ផលប៉ះពាល់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម រដ្ឋាភិបាល​ហ្វីលីពីន​បាន​ហាមឃាត់​ការលក់​និង​ចែកចាយ​វ៉ាក់សាំង​Dengvaxia ផលិត​ដោយ​ក្រុមហ៊ុន​បារាំង​មួយ​។​មាន​ការព្រួយបារម្ភ​ជា​សាធារណៈ​លើកឡើងថា ហេតុអ្វី​បានជា​វ៉ាក់សាំង​ត្រូវបាន​ណែនាំ​ឲ្យប្រើ​ប្រាស់ ដោយ​គ្មាន​ការសាកល្បង​មុន​ដូច្នេះ​។​ករណីនេះ​នាំឲ្យមាន​ការតវ៉ា​នៅ​មុខក្រសួង​សុខាភិបាល​ផង​ដែរកាល​ពី​ថ្ងៃ​អង្គារ​។​

​ក្រុមហ៊ុន Sanofi Pasteur​និយាយថា ខ្លួន​នឹង​បន្ដ​ត្រួតពិនិត្យ​ថា​មាន​មនុស្ស​ស្លាប់​ដោយសារ​វ៉ាក់សាំង​នេះ​ឬទេ​។​ចំណែក​រដ្ឋាភិបាល​ហ្វីលីពីន​វិញ​និយាយថា កំពុង​ចាប់ផ្ដើម​ការស៊ើបអង្កេត​។​សូមបញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និយាយថា រដ្ឋាភិបាល​ហ្វីលីពីន​កំពុង​ពិចារណា​លើ​ការស្នើសុំ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​មកវិញ​។​ថវិកា​ប្រមាណ​៦៩​លាន​ដុល្លារ បាន​ចំណាយ​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​នេះ​៕