ជីវិត និងកម្សាន្ត

ស្ដ្រី​ម្នាក់​​ដែល​ល្បី​​មុខ​ដូច​Angelina Jolie​​សង្ស័យថា​​មិនមែន​​ដោយសារ​​ការវះកាត់​

ដោយ៖ ពេញ ផេង    04-12-2017 3:13 PM    1532
នាង​Sahar Tabar(ឆ្វេង)​និងនាង​Angelina Jolie​

​ស្ដ្រី​វ័យក្មេង​មួយរូប​ជនជាតិ​អ៊ីរ៉ង់ ត្រូវបាន​ព័ត៌មាន​ចុះផ្សាយ​ថា​នាង​បានឲ្យ​គ្រូពេទ្យ​វះកាត់​មុខចំនួន​៥០​ដង ដើម្បី​ឲ្យបាន​មុខ​ដូចតារា​ហូលីវូដ​អ្នកនាង​Angelina Jolie​។​Sahar Tabar​មាន​អាយុ​ទើបតែ​១៩​ឆ្នាំ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​Instagram​។​រឿងរ៉ាវ​របស់​នាង​ត្រូវបាន​ចុះផ្សាយ​ដំបូង​គេ​ដោយ​សារព័ត៌មាន​បែលហ្ស៊ិក​Sud Info​។​

​ទោះបីជា​មាន​ការផ្លាស់ប្ដូ​រ​មុខមាត់​គួរឲ្យភ្ញាក់ផ្អើ​លក៏ដោយ មាន​សេចក្ដីរាយការណ៍​ថា​អ្នកតាមដាន​បណ្ដាញ​Instagram​របស់​នាង​៧៤,០០០​នាក់ ជឿជាក់ថា​ស្ដ្រី​វ័យក្មេង​រូបនេះ​មិនបាន​វះកាត់​ផ្ទៃមុខ​ឡើយ​។​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេត​និយាយថា ច្រមុះ​របស់​នាង​ហាក់ដូចជា​ដាក់​នៅ​កន្លេង​ខុសគ្នា បើ​មើល​ក្នុង​រូបថត​ជាច្រើន​សន្លឹក​។​ចំណែក​បបូរមាត់​របស់​នាង​ដូចជា​មាន​ទំហំ​ខុសគ្នា​។​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​The Sun​។​

​សារព័ត៌មាន​Daily Mail​បាន​ចុះផ្សាយ​ផងដែ​រថា អ្នកតាមដាន​បណ្ដាញ​Instagram​របស់​នាង​Sahar Tabar​ភាគច្រើន​និយាយថា រូបថត​របស់​នាង​ធ្វើឲ្យ​ពួកគេ​ឈឺ ដោយសារ​មើលទៅ​នាង​ដូចជា​ខ្មោចឆៅ​។​ចំណែក​អ្នក​ឯទៀត​ជឿជាក់ថា ការផ្លាស់ប្ដូរ​មុខមាត់​នេះ​អាច​ធ្វើឡើង​ដោយ​សិប្បនិម្មិត គឺ​ដោយសារ​ការតុបតែង​មុខ ខណៈ​អ្នកខ្លះ​ថា​នាង​អាច​ប្រើ​កម្មវិធី​Photoshop ឬ​កម្មវិធី​Editing​ណាមួយ ដើម្បី​កែ​រូបភាព​របស់​នាង​។​

​បើ​យោងតាម​គេហទំព័រ​ស្វែងរក​ការពិត​មួយ​ឈ្មោះ​Snopes បានបង្ហាញ​ពី​រូបភាព​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​Instagram​មួយ​ផ្សេងទៀត​របស់​នាង​Sahar Tabar ក៏មាន​លក្ខណៈ​មិន​សមស្រប​នឹង​របាយការណ៍​នៃ​ការវះកាត់​មុខ​ប្រមាណ​៥០​ដង​នេះដែរ ហើយ​ថា​របាយការណ៍មួយចំនួន​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​៕