ជីវិត និងកម្សាន្ត

ឥណ្ឌា​​កំពុង​ពិចារណា​​ច្បាប់​​ដាក់ពន្ធនាគារ​​ស្វាមី​​ដែល​ចង់​​លែងលះ​​ភរិយា​​ភ្លាមៗ​

ដោយ៖ ពេញ ផេង    03-12-2017 2:29 PM    353
រូបភាព​​ស្ដ្រី​​នៅឥណ្ឌា​​

​ក្រុម​មូស្លីម​ជា​ក្រុម​ជនជាតិភាគតិច​ធំ​បំផុត​មួយ​នៅ​ឥណ្ឌា បាន​អនុវត្ដ​ប្រពៃណី​ប្ដី​ត្រូវ​លែងលះ​ប្រពន្ធ​បី​ដង ដែល​ប្រពៃណី​នេះ​គ្មាន​ក្នុង​មូលដ្ឋាន​គម្ពីរ​កូរ៉ា​ន់ឡើយ ប៉ុន្ដែ​ត្រូវបាន​អនុវត្ដ​ជា​បន្ដបន្ទាប់ ក្រោយ​ការប្រកាស​របស់​តុលាការ​កាលពី​ខែសីហា ជា​ការប្រកាស​ខុស​នឹង​រដ្ឋធម្មនុញ្ញ​។​មាន​ស្ដ្រី​រងគ្រោះ​៥​នាក់ បាន​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ ជំទាស់​នឹង​ការ​លែងលះ​ធ្វើឡើង​តាម​ប្រពៃណី​នេះ ព្រោះ​ពួកគេ​ចាត់ទុកថា​ជា​ការរំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​។​

​ដោយមាន​ការកើត​ទុក្ខមិន​សុខចិត្ដ ឥណ្ឌា​បាន​បង្កើត​សេចក្ដីព្រាងច្បាប់​មួយ គឺ​ច្បាប់​“​ការពារ​សិទ្ធិ​អាពាហ៍ពិពាហ៍​របស់​ស្ដ្រី​មូស្លីម​”​។​សេចក្ដីព្រាងច្បាប់​នេះ​នឹងមាន​ការពិន័យ​ដល់​បុរស​ជា​ស្វាមី ហើយ​គាំទ្រ​ដល់​ស្ដ្រី​ដែល​រងគ្រោះ​។​អ្វីដែល​សំខាន់​ស្វាមី​ដែល​ចង់​លែងលះ​ភ្លាមៗ​ជាមួយ​ភរិយា អាច​នឹងត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគា​ររហូតដល់​៣​ឆ្នាំ​។​ក្រៅពីនេះ​នឹងមាន​ការហាមឃាត់​ការ​អនុវត្ដ​តាម​ប្រពៃណី​ហួសសម័យកាល ដែល​តម្រូវឲ្យ​ស្វាមី​លែងលះ​ភរិយា​ដល់ទៅ​បីដង​នេះដែរ​។​តាម​ការលើកឡើង​ពី​មន្ដ្រីជាន់ខ្ពស់​ឥណ្ឌា ស្ដ្រី​ដែល​ត្រូវ​ស្វាមី​សុំឲ្យ​ចាក​ចេញពីផ្ទះ ត្រូវតែ​ទទួលបាន​ការការពារ​។​

​សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់​នេះ​បាន​បញ្ជូនទៅ​រដ្ឋាភិបាល​ក្នុង​តំបន់​ពិភាក្សា​ហើយ រួច​នឹង​បញ្ជូនទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំសភា​បន្ដទៀត ដែល​នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែធ្នូ​៕