ជីវិត និងកម្សាន្ត

កូនភ្លោះ​ជាប់​ក្បាល​គ្នា​នៅ​ឥណ្ឌា​​ដែល​គ្រូពេទ្យ​​វះកាត់​ផ្ដាច់ចេញ​​ដឹងខ្លួន​ម្នាក់​ហើយ​

ដោយ៖ ពេញ ផេង    30-10-2017 4:03 PM    607
រូបភាពក្មេងក្រោយវះកាត់រួច

​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​ជា​កូនភ្លោះ​​ក្បាលជាប់​គ្នា ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​វះកាត់​ផ្ដាច់ចេញ ពេលនេះ​បាន​បើកភ្នែក​ហើយ​ក្រោយ​ការវះកាត់​បួន​ថ្ងៃ​។​ក្មេងប្រុស​អាយុ​២​ឆ្នាំ​ឈ្មោះ​Jaga ហាក់​មាន​លក្ខណៈ​ធម្មតា​និង​បាន​កម្រើក​អ​វៈយៈ​ផងដែរ​។​ប៉ុន្ដែ​យ៉ាងណាមិញ​ក្រុមគ្រូពេទ្យ​នៅ​បន្ដ​តាមដាន​រាល់ថ្ងៃ ដោយសារ​គេ​មាន​បញ្ហា​តម្រងនោម​។​

​ដោយឡែក​ក្មេងប្រុស​ម្នាក់ទៀត​នៅ​មិនទាន់​ដឹងខ្លួន​ទេ ហើយ​មាន​អា​ការៈមិន​ជា​ល្អប្រសើរ​ប៉ុន្មាន​ទេ​គឺ​បាន​ប្រកាច់​។​ក្មេងប្រុស​ទាំងពីរ​កើតមក​មាន​សរសៃឈាម​និង​ជាលិកា​ខួរក្បាល​រួមគ្នា គ្រូពេទ្យ​បាន​ប្រើពេល​រហូតដល់​១៦​ម៉ោង​ដើម្បី​វះកាត់​ផ្ដាច់​ក្បាល​ចេញ​ពីគ្នា​។​នេះ​ជា​ការវះកាត់​ជា​ប្រវត្ដិសាស្ដ្រ​ហើយ​នៅ​ក្នុងប្រទេស​ឥណ្ឌា​។​

​បើតាម​លោក​សាស្ដ្រាចារ្យ​Deepak Gupta​ដែល​បាន​ចូលរួម​ក្នុង​ប្រតិ​បត្ដិកា​រនេះ បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​ថា ក្មេងប្រុស​ទាំងពីរ​មាន​ស្ថានភាព​ធម្មតា​ទេ ទោះបី​ត្រូវ​នៅ​បន្ដ​តាមដាន​ក៏ដោយ ហើយ​គ្រូពេទ្យ​ពេញចិត្ដ​នឹង​ការវះកាត់​នេះ​៕